បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានប្រាប់ទូរទស្សន៍ CBC និង CTV នៅក្នុងបទសម្ភាសន៍មួយសប្តាហ៍នេះថា ពិភពលោកគួរតែបញ្ជាក់ឱ្យច្បាស់ចំពោះប្រទេសរុស្ស៊ីថា ខ្លួននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបផ្នែកយោធាភ្លាមៗ ប្រសិនបើរុស្ស៊ីសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងគៀវ។ មេដឹកនាំអ៊ុយក្រែនបានចោទរុស្ស៊ីថា បានប្រើយុទ្ធសាស្ត្របង្ខូចឈ្មោះហើយបាននិយាយថា ក្រុងម៉ូស្គូយល់តែភាសានៃកម្លាំងបាយតែប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បានចោទប្រកាន់ទីក្រុងមូស្គូពីការគំរាមកំហែងម្តងហើយម្តងទៀតអីពីការវាយប្រហារ “មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេច” នៅអ៊ុយក្រែន រួមទាំងអាវុធនុយក្លេអ៊ែរ ហើយបាននិយាយថា ពិភពលោកគួរតែឆ្លើយតប ប្រសិនបើការវាយប្រហារបែបនេះកើតឡើង។ លោកបាននិយាយថា «វាមិនមានបញ្ហាទេថាតើអ៊ុយក្រែនជាសមាជិកណាតូឬក៏ជាប្រទេសមិនមែនជាសមាជិកណាតូនោះ» ដោយលោកបានបន្ថែមថា គ្មាននរណាម្នាក់គួរត្រូវបានអនុញ្ញាតឲ្យ «បង្ខូចឈ្មោះ [ប្រទេសផ្សេងទៀត] ដូចជាភេរវករនោះទេ។
យោងតាមប្រធានាធិបតីអ៊ុយក្រែន ពិភពលោកគួរតែប្រាប់រុស្ស៊ីថា “ប្រសិនបើអ្នកវាយប្រហារលើផ្លូវ Bankova [ការិយាល័យប្រធានាធិបតីអ៊ុយក្រែន] នោះ នឹងមានការវាយប្រហារនៅកន្លែងដែលអ្នកនៅ” ។
លោកបានបន្ថែមថា ប្រសិនបើទីក្រុងមូស្គូធ្វើការវាយប្រហារលើទីក្រុងគៀវ វាគួរតែមាន “ការវាយប្រហារពីដែនអាកាសនៅមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេច” នៅក្នុងប្រទេសរុស្ស៊ី “លើកទីពីរ” ដោយមិនគិតពីលទ្ធផល នៃការវាយប្រហាររបស់រុស្ស៊ីនោះទេ។ លោក Zelensky បានអះអាងថា គោលជំហរបែបនេះនឹងមិនមែន ជាការគំរាមកំហែងទេ ប៉ុន្តែជាប្រភេទនៃការការពារខ្លួន ដែលសន្មតថា នឹងការពារអ្នកដែលចេញការគំរាមកំហែង ពីការធ្វើតាមផែនការរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា