បរទេស៖ យោងតាមរបាយការណ៍របស់កាសែត Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន បានតានតឹងដោយការកើនឡើង នៃការវាយប្រហារដោយកាំជ្រួច Cruise និង យន្តហោះគ្មានមនុស្សបើក kamikaze ដោយប្រទេសរុស្ស៊ី។ ពេលនេះប្រទេសនេះ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងហានិភ័យ នៃការអស់មីស៊ីលបាញ់ពីដីទៅអាកាសទាំងស្រុង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងយន្តហោះចាស់ៗ ជាមរតកបន្សល់ទុក បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត នៅតែជាឆ្អឹងខ្នងនៃការការពារដែនអាកាសរបស់អ៊ុយក្រែន។ លោក Vladimir Klimin មេបញ្ជាការរងនៃកងវរសេនាតូច ដែលធ្វើការជាមួយប្រព័ន្ធមីស៊ីលពីដីទៅអាកាស S-300 នៅក្នុងតំបន់ kyiv បានប្រាប់កាសែតថា ប្រព័ន្ធការពារដែនអាកាស ដែលមានអាយុកាលរាប់ទសវត្សរ៍មានប្រសិទ្ធភាពខ្លាំងណាស់ ប្រឆាំងនឹងការបាញ់កាំជ្រួចរបស់រុស្ស៊ីដែលចូលមក។
ខណៈពេលដែលលោកបានអះអាងថា អង្គភាពរបស់លោកមិនដែលបាញ់ខុសគោលដៅណាមួយ pkក្នុងអំឡុងពេលមានជម្លោះនោះទេ លោកបានទទួលស្គាល់ថា អ៊ុយក្រែនមិនមានប្រព័ន្ធប្រឆាំងយន្តហោះគ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើទឹកដីដ៏ធំរបស់ខ្លួនទាំងស្រុងនោះទេ។
យ៉ាងណាមិញ ឥឡូវនេះ ទីក្រុងគៀវ មានហានិភ័យ នៃការអស់អាវុធសូម្បីតែប្រព័ន្ធដែលខ្លួន មាននៅក្នុងសារពើភ័ណ្ឌ។ លោក Denis Smazhny ទទួលបន្ទុកបណ្តុះបណ្តាលកងកម្លាំងកាំជ្រួចប្រឆាំង យន្តហោះរបស់អ៊ុយក្រែន ហើយបច្ចុប្បន្ននៅក្រៅប្រទេសកំពុងរៀនពីរបៀប ប្រតិបត្តិការប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាស កម្រិតខ្ពស់ជាតិ (NASAMS) បានព្រមានអំពីកង្វះខាតនេះ៕