ព័ត៌មានអន្តរជាតិ

ជប៉ុន និងអូស្ត្រាលី ប្ដេជ្ញារួមគ្នាដោះស្រាយវិបត្តិ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ចិន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអូស្ត្រាលីលោក Anthony Albanese បានសន្យាថា នឹងរួមដៃគ្នា ដើម្បីដោះស្រាយឧប្បត្តិហេតុ ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព នៃប្រទេសរបស់ពួកគេ ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិននៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលត្រូវបានចុះហត្ថលេខា ដោយប្រជាជាតិទាំងពីរជា លើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ ជប៉ុន និងអូស្ត្រាលី ក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹង ទំនាក់ទំនងសន្តិសុខត្រីភាគី ជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលសន្យាថា នឹងជំរុញការចូលរួមផ្នែកការពារ ជាក់ស្តែងរបស់ពួកគេ។

កិច្ចព្រមព្រៀងរបស់ពួកគេ បានកើតឡើងដោយមាន ការព្រួយបារម្ភថាប្រទេសចិន អាចនឹងបង្កើនការបង្កហេតុ ខាងយោធាប្រឆាំងនឹងតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីលោក ស៊ី ជីនពីង ទទួលបានអាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមក ក្នុងនាមជាមេដឹកនាំនៅក្នុងសមាជ រយៈពេលពីរសប្តាហ៍នៃបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចដែល ដំណើរការរហូតដល់ថ្ងៃសៅរ៍ ។

បន្ទាប់ពីកិច្ចពិភាក្សាកំពូលនៅទីក្រុង Perth លោក Kishida និងលោក Albanese បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលជប៉ុន និងអូស្ត្រាលី បានយល់ព្រមធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ “ការឈ្លានពាន និងអាកប្បកិរិយា ដែលធ្វើឱ្យខូចដល់ច្បាប់ និងបទដ្ឋានអន្តរជាតិ”។

នៅក្នុងសេចក្តីប្រកាសចុងក្រោយនេះ លោក Kishida ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ ហើយលោក Albanese បានបញ្ជាក់ពីសារៈសំខាន់នៃ “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ដែលជាចក្ខុវិស័យដែលគាំទ្រ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលត្រូវបានឃាតករបាញ់សម្លាប់។

មេដឹកនាំទាំងពីរមិនបានផ្តាច់ខ្លួន ចេញពីប្រទេសចិននៅក្នុង សេចក្តីប្រកាសនោះទេ ខណៈដែលពួកគេទំនងជាចង់ តាមដានពីរបៀបដែល គោលនយោបាយការទូត របស់ទីក្រុងប៉េកាំង អាចនឹងផ្លាស់ប្តូរបន្ទាប់ពី ការបោះឆ្នោតឡើងវិញ របស់លោកស៊ី ជីនពីង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top