បរទេស៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានដកខ្លួនចេញពីការប្រណាំងប្រជែង ភាពជាអ្នកដឹកនាំរបស់គណបក្ស Tory ដូច្នេះការដកខ្លួននេះ បានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស សម្រាប់អតីតអធិការបតីគឺលោក Rishi Sunak ដែលបច្ចុប្បន្នជាបេក្ខភាពជាទីពេញចិត្ត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ លោក Johnson បាននិយាយថា លោកបានជម្រះ “ឧបសគ្គខ្ពស់នៃការតែងតាំងចំនួន ១០២” ពីសមាជិកសភា ហើយពិតជាអាច “ត្រលប់មកវិញនៅ Downing Street នៅថ្ងៃសុក្រ” ហើយនឹងត្រូវបាន “ឱកាសល្អ” ដើម្បីនាំយកគណបក្សរបស់លោកទៅរកជ័យជំនះ នៅការបោះឆ្នោតសកលឆ្នាំ ២០២៤ ។
លោក Johnson បានពន្យល់ថា “ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ខ្ញុំបានសន្និដ្ឋានគួរឱ្យសោកស្តាយថា នេះមិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ។ អ្នកមិនអាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបានទេ លុះត្រាតែអ្នកមានគណបក្សរួបរួមនៅក្នុងសភា”។
លោកបានលាតត្រដាងថា លោកបានទាក់ទងបេក្ខជនដឹកនាំបច្ចុប្បន្នទាំងពីរ គឺអតីតអធិការបតី Rishi Sunak និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Penny Mordaunt ដោយសង្ឃឹមថា នឹង “រួមគ្នាដើម្បីផលប្រយោជន៍ជាតិ”។ ទោះជាយ៉ាងណា អតីតប្រមុខរដ្ឋាភិបាលបានពន្យល់ថា “វិធីធ្វើបែបនេះ” មិនត្រូវបានរកឃើញទេ។
លោកបានប្រកាសថា «ដូច្នេះខ្ញុំខ្លាចរឿងដែលល្អបំផុត គឺខ្ញុំមិនអនុញ្ញាតឲ្យការតែងតាំងរបស់ខ្ញុំឆ្ពោះទៅមុខ ហើយប្តេជ្ញាចិត្តគាំទ្រអ្នកណាដែលជោគជ័យ»៕ ប្រែសម្រួលៈ ណៃ តុលា