ឡុងដ៌៖ លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស បន្ទាប់ពីគូប្រជែងចុងក្រោយរបស់លោកគឺលោកស្រី Penny Mordaunt បានដកខ្លួនចេញពីការប្រកួតប្រជែង។
លោក Sunak ត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីទទួលបានការគាំទ្រពីសមាជិកសភា Tory ភាគច្រើន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោកគឺជាបេក្ខភាពតែម្នាក់គត់ ដែលនៅសេសសល់បន្ទាប់ពីលោកស្រី Mordaunt ដកខ្លួនចេញមួយរយៈមុនថ្ងៃផុតកំណត់ សម្រាប់ការតែងតាំង។ អតីតនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន ក៏បានដកខ្លួនកាលពីថ្ងៃអាទិត្យ។
លោក Sunak អាយុ ៤២ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រីហិណ្ឌូដំបូងគេរបស់ចក្រភពអង់គ្លេស និងក្មេងជាងគេបំផុតអស់រយៈពេលជាង ២០០ឆ្នាំ។
លោកស្រី Mordaunt បានឲ្យដឹងខណៈដែលលោកស្រីទទួលស្គាល់ការបរាជ័យថា “ការសម្រេចចិត្តនេះជាប្រវត្តិសាស្ត្រមួយ ហើយបង្ហាញជាថ្មីម្តងទៀតអំពីភាពចម្រុះ និងទេពកោសល្យរបស់គណបក្សរបស់យើង។ លោក Rishi មានការគាំទ្រពេញលេញរបស់ខ្ញុំ”។
មេដឹកនាំគណបក្សលោក Graham Brady បានលើកឡើងថា មានតែការតែងតាំងត្រឹមត្រូវមួយប៉ុណ្ណោះ សម្រាប់លោក Sunak ដែលត្រូវបានទទួលមុនថ្ងៃកំណត់៕
ប្រែសម្រួល ឈូក បូរ៉ា