ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូត៖ សំណាងល្អរបស់លោក ពូទីន បានកន្លងផុតទៅហើយ នៅក្នុងសង្គ្រាមអ៊ុយក្រែន

គៀវ៖ លោក Boris Bondarev អតីតអ្នកការទូតរុស្ស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយថា “សំណាងល្អ” របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានកន្លងផុតទៅហើយ ចំពេលមានសង្គ្រាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។

លោក Bondarev បានលាលែងពីតួនាទី របស់លោកនៅក្នុងបេសកកម្មរបស់រុស្ស៊ី នៅអង្គការសហប្រជាជាតិ កាលពីខែឧសភា ជុំវិញការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអឺរ៉ុបខាងកើត ដោយបញ្ជាក់នៅក្នុងលិខិត លាលែងពីតំណែងថា សង្រ្គាមគឺ “មិនត្រឹមតែជាឧក្រិដ្ឋកម្មប្រឆាំងនឹង ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ ប្រហែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងប្រជាជនរុស្ស៊ី”។

 និយាយអំពីមេដឹកនាំរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ Sky News លោក Bondarev បានលើកឡើងថា “ខ្ញុំគិតថារយៈពេល ២០ឆ្នាំ ដែលលោកកាន់អំណាច មានសំណាងណាស់ សម្រាប់លោក។ លោកបានលើកឡើងថា លោក ពូទីន មិនឆ្លាតនោះទេ លោកគ្រាន់តែសំណាងប៉ុណ្ណោះ។ ឥឡូវនេះខ្ញុំគិតថា សំណាងរបស់លោកបានបញ្ចប់ហើយ”។

 អតីតអ្នកការទូតរូបនេះ បានឲ្យដឹងផងដែរថា លោកក៏ជឿជាក់ថា លោក ពូទីន នឹងមានឆន្ទៈ “លះបង់ប្រជាជនរុស្ស៊ី ១០ ឬ ២០លាននាក់ ដើម្បីឈ្នះសង្រ្គាមនេះ ដើម្បីសម្លាប់ជនជាតិអ៊ុយក្រែនទាំងអស់ ព្រោះវាជាគោលការណ៍។ វាជាបញ្ហានៃការរស់រានមានជីវិតនយោបាយ សម្រាប់លោក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top