បរទេស៖ ប្រមុខណាតូបានព្រមានរុស្ស៊ី កាលពីថ្ងៃច័ន្ទកុំឱ្យបង្កើនជម្លោះ នៅអ៊ុយក្រែនជាមួយនឹង ការអះអាងមិនពិតដែលថាទីក្រុងគៀវ គ្រោងនឹងបញ្ចេញនូវអ្វីដែលហៅថា គ្រាប់បែកកខ្វក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ប្រធានអង្គការណាតូ លោក Jens Stoltenberg បានអត្ថាធិប្បាយលើស្ថានការណ៍ បន្ទាប់ពីការចោទប្រកាន់ ម្តងហើយម្តងទៀតរបស់ទីក្រុងម៉ូស្គូ ដែលថាអ៊ុយក្រែន អាចប្រើអាវុធបែបនេះ ដែលបង្កឱ្យមានការភ័យខ្លាចថា រុស្ស៊ីអាចប្រើអាវុធតែមួយ និងបន្ទោសទីក្រុងគៀវ។
លោក Stoltenberg បានលើកឡើងថា លោកបាននិយាយជាមួយ ប្រធានមន្ទីរបញ្ចកោណ លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace “អំពីការអះអាងមិនពិតរបស់រុស្ស៊ី ដែលថាអ៊ុយក្រែន កំពុងរៀបចំប្រើប្រាស់គ្រាប់បែក កខ្វក់នៅលើទឹកដីរបស់ខ្លួន”។
លោកសរសេរនៅលើ Twitter ឲ្យដឹងថា “សម្ព័ន្ធមិត្តណាតូបដិសេធ ការចោទប្រកាន់នេះ។ រុស្ស៊ី មិនត្រូវប្រើវាជាលេស សម្រាប់ការកើនឡើងនៃសង្គ្រាមនោះទេ។ យើងនៅតែមានជំហររឹងមាំ ក្នុងការគាំទ្ររបស់យើង សម្រាប់ប្រទេសអ៊ុយក្រែន”។
ទីក្រុងមូស្គូបានចោទប្រកាន់ថា អ៊ុយក្រែន ជិតបង្កើតគ្រាប់បែកកខ្វក់ ហើយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានទទូចថា ការគំរាមកំហែងនេះ គឺពិតប្រាកដ។
លោក Lavrov បានលើកឡើងថា “នេះមិនមែនជាព័ត៌មានទទេនោះទេ មានការសង្ស័យយ៉ាងធ្ងន់ធ្ងរថា រឿងបែបនេះអាចត្រូវបានគ្រោងទុក យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទប់ស្កាត់ការ បង្កហេតុដ៏អាក្រក់បែបនេះ”។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថាការអះអាង របស់រុស្ស៊ីអាចជាការបិទបាំង ៕
ប្រែសម្រួល ឈូក បូរ៉ា