បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានពិភាក្សាជាមួយទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោនក្នុងកម្រិត នៃអគ្គសេនាធិការ អំពីការគំរាមកំហែងរបស់ទីក្រុងគៀវ ដែលអាចប្រើ “គ្រាប់បែកវិទ្យុសកម្ម”។ ប្រមុខការពារជាតិរុស្ស៊ី ឧត្តមសេនីយ Valery Gerasimov បានលើកឡើងពីកង្វល់របស់ប្រទេសលោកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងជាមួយសមភាគីអង់គ្លេសគឺឧត្តមនាវីឯក Tony Radakin ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណគ្រាន់តែលើកឡើងថា ឧត្តមសេនីយទាំងពីរបានពិភាក្សាអំពី “បញ្ហាជាច្រើនទាក់ទងនឹងសន្តិសុខ” ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ វាជាការសន្ទនាលើកដំបូងរវាងលោក Gerasimov និង Milley ចាប់តាំងពីខែឧសភា។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការហៅទូរស័ព្ទរវាងលោក Radakin និង លោក Gerasimov ធ្វើឡើង “តាមសំណើរបស់ក្រសួងការពារជាតិរុស្ស៊ី” ដោយបន្ថែមថា ចក្រភពអង់គ្លេស “បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំផែនការសកម្មភាពដើម្បីបង្កើនជម្លោះ” ។ លោក Radakin ក៏បាន “ស្តារឡើងវិញនូវការគាំទ្រយូរអង្វែងរបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន” ។
ទីក្រុងឡុងដ៍ក៏បានយល់ស្របផងដែរថា វាមានសារៈសំខាន់ក្នុងការរក្សាបណ្តាញទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូដោយបើកចំហដើម្បី “គ្រប់គ្រងហានិភ័យនៃការគណនាខុស និងជួយសម្រួលដល់ការកាត់បន្ថយការកើនឡើង”។ ការវិវឌ្ឍន៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះនៅក្នុងការហៅទូរស័ព្ទជាមួយប្រមុខការពារជាតិនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង៕
ប្រែសម្រួលៈ ណៃ តុលា