បរទេស៖ ជំនួយការរបស់ ប្រធានាធិបតី Vladimir Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ ដ៏មានកិត្យានុភាព របស់អ៊ុយក្រែន Motor Sich អាចត្រូវបានប្រើប្រាស់ ក្នុងការផ្លាស់ប្តូរអ្នកទោសជាមួយរុស្ស៊ី។ លោក Vyacheslav Boguslaev ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយត្រូវបានចាប់ខ្លួនពីបទ លក់ផលិតផល ទៅឱ្យទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការនៅទីក្រុងគៀវកាលពីថ្ងៃច័ន្ទបានបញ្ជាឱ្យឃុំខ្លួនលោក Boguslaev ដែលមានអាយុ ៨៣ ឆ្នាំ បន្ទាប់ពីទីភ្នាក់ងារសន្តិសុខក្នុងស្រុក (SBU) បានអះអាងថា បុរសរូបនោះបាន លក់គ្រឿងបន្លាស់ និងម៉ាស៊ីនដោយសម្ងាត់ ទៅឱ្យក្រុមហ៊ុន ផលិតឧទ្ធម្ភាគចក្ររុស្ស៊ី។ ធ្វើអត្ថាធិប្បាយលើព័ត៌មាន នៅថ្ងៃដដែលនោះ ជំនួយការ Zelensky គឺលោក Mikhail Podoliak បានស្នើថា បុរសនោះអាចត្រូវបានផ្លាស់ប្តូរ សម្រាប់កងទ័ពដែលចាប់ដោយកងកម្លាំងរុស្ស៊ី។
លោកបាននិយាយថា “យើងនឹងប្រើឱកាសណាមួយ បុគ្គលណាក៏ដោយ … ដើម្បីទទួលបាទាហ៊ានរបស់យើងមកវិញ” ។ លោកបាននិយាយថា លោក Boguslaev ថា ជា ជនជាតិអ៊ុយក្រែន”ក្លែងក្លាយ” មិនដូចទាហានដែលលោកអាចត្រូវបានផ្លាស់ប្តូរនោះទេ។
វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងគំនិតនេះនៅថ្ងៃអង្គារដោយបង្ហាញពីការសង្ស័យអំពីប្រភពរបស់វា។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា “តាមដែលយើងដឹង ការិយាល័យប្រធានាធិបតីរុស្ស៊ីមិនដោះស្រាយជាមួយការដោះដូរអ្នកទោសទេ”៕
ប្រែសម្រួលៈ ណៃ តុលា