ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្តព្រមាន ទៅក្រុមប្រឹក្សា UN អំពីផែនការប្រើគ្រាប់បែក ដែលមានវិទ្យុសកម្ម របស់អ៊ុយក្រែន

បរទេស៖ រុស្ស៊ី នឹងចាត់ទុកការប្រើប្រាស់ អ្វីដែលគេហៅថា “គ្រាប់បែកដែលមានវិទ្យុសកម្ម” ដោយអ៊ុយក្រែន ថាជាអំពើភេរវកម្មនុយក្លេអ៊ែរ , នេះបើតាមអ្វីដែលឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានព្រមានកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ទីក្រុងគៀវ អាចមានគម្រោងនឹងបំផ្ទុះ “គ្រាប់បែកដែលមានវិទ្យុសកម្ម ឬគ្រាប់បែកដ៏ខ្លាំងក្លា” ក្នុងគោលបំណងបំភិតបំភ័យប្រជាជនក្នុងតំបន់ បង្កឲ្យមានជនភៀសខ្លួនភ្លូកទឹកភ្លូកដីចេញទៅសហភាពអឺរ៉ុប និងពណ៌នាពីទីក្រុងម៉ូស្គូថាជា “ភេរវករនុយក្លេអ៊ែរ”។

ប្រធានអគ្គសេនាធិការរុស្ស៊ីលោក Valery Gerasimov បានបញ្ជូនបន្តការព្រួយបារម្ភទាំងនេះទៅកាន់សមភាគីអាមេរិក និងអង់គ្លេសនៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយ បន្ទាប់ពីការហៅទូរស័ព្ទស្រដៀងគ្នាដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu កាលពីចុងសប្តាហ៍។

លោក Nebenzia បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានអង្គការសហប្រជាជាតិ និងសមាជិកក្រុមប្រឹក្សាសន្តិសុខ ដូចដែលបានរាយការណ៍ដោយ Reuters និង សារព័ត៌មាន RIA Novosti កាលពីល្ងាចថ្ងៃចន្ទថា “យើងនឹងចាត់ទុកការប្រើប្រាស់គ្រាប់បែក ដ៏ខ្លាំងក្លានេះដោយរបបទីក្រុងគៀវ ថា ជាសកម្មភាពនៃអំពើភេរវកម្មនុយក្លេអ៊ែរ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top