តូក្យូ៖ អ្នកការទូតជាន់ខ្ពស់ របស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នានៅថ្ងៃពុធ ដើម្បីពង្រឹងការរារាំង ក្នុងការទប់ទល់នឹង ការគំរាមកំហែងផ្នែកយោធា របស់កូរ៉េខាងជើង ចំពេល មានការព្រួយបារម្ភ ថា ទីក្រុងព្យុងយ៉ាង អាចធ្វើតេស្តនុយក្លេអ៊ែរ លើកទី៧ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
អនុរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក តាកែវ ម៉ូរី បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគី នៅទីក្រុងតូក្យូថា ប្រទេសទាំងបី នឹងមិនអត់ឱនចំពោះ ការគំរាមកំហែង នុយក្លេអ៊ែរ ដែលប្រើដោយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែន ឡើយ។
លោកម៉ូរី អនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីការបរទេស ទីមួយ កូរ៉េខាងត្បូង លោក Cho Hyun Dong ក៏បានសម្តែងការប្រឆាំង របស់ពួកគេ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព នៅសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងការរិះគន់ ដោយលាក់បាំង ចំពោះការទាមទារទឹកដី និងយោធារបស់ចិន។
ការជួបជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីការបាញ់បង្ហោះ កាំជ្រួចមីស៊ីលផ្លោង ជាបន្តបន្ទាប់ដោយកូរ៉េខាងជើង រួមទាំងមួយដើមខែនេះ ដែលបានហោះពីលើប្រជុំកោះជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ជាមួយនឹងការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំង ពីខែកញ្ញា ឆ្នាំ២០១៧ ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានឲ្យដឹងក្នុងអំឡុងសុន្ទរកថាក្នុងរដ្ឋសភាថា ប្រទេសកូរ៉េខាងជើង “ហាក់ដូចជាបានបញ្ចប់ការត្រៀមលក្ខណៈរបស់ខ្លួន” សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ។
អ្នកការទូត បានចែករំលែកទស្សនៈថា កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង គឺជា “បញ្ហាប្រឈមជាក់ស្តែង និងធ្ងន់ធ្ងរ ចំពោះសហគមន៍អន្តរជាតិ” ដោយយល់ព្រមធ្វើការជាមួយគ្នា រួមទាំងតាមរយៈ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា