វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីថ្មី អង់គ្លេស លោក Rishi Sunak បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាសំខាន់ៗ ចំពោះសន្តិសុខ និងវិបុលភាពពិភពលោក ដោយផ្តោតលើ តម្រូវការគាំទ្រ អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងទប់ស្កាត់ឥទ្ធិពល ដែលកំពុងកើនឡើង របស់ប្រទេសចិន។
យោងតាមសេតវិមាន លោក បៃដិន បានឲ្យដឹងជាមួយលោក Sunak តាមទូរស័ព្ទ ដើម្បីអបអរសាទរនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសរូបនេះ ដែលបានចូលកាន់តំណែងបន្ដពីលោកស្រី Liz Truss បន្ទាប់ពីវិបត្តិនយោបាយ ដែលបណ្តាលមកពីផែនការ សេដ្ឋកិច្ច របស់លោកស្រី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា នៅពេលបញ្ជាក់ឡើងវិញនូវ “ទំនាក់ទំនងពិសេស” រវាងប្រទេសទាំងពីរ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន ដោយធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះការឈ្លានពានរបស់ខ្លួន ដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយប្រទេសចិន និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាធនធានថាមពល។
ចក្រភពអង់គ្លេស បាននិងកំពុងបង្កើនការចូលរួម របស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមួយផ្នែកត្រូវបានជំរុញ ដោយសកម្មភាពរបស់ទីក្រុងប៉េកាំង ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានបញ្ជូននាវាផ្ទុកយន្តហោះ Royal Navy Queen Elizabeth ទៅកាន់ប្រទេសជប៉ុន កាលពីឆ្នាំមុន ហើយក៏បានចូលរួមជាដៃគូសន្តិសុខបីផ្លូវជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា AUKUS ដើម្បីជួយទីក្រុងកង់បេរ៉ា ឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា