រីយ៉ាដ៖ ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត កំពុងសម្លឹងមើល ដើម្បីដោះស្រាយ តម្រូវការថាមពល របស់ប្រទេសអឺរ៉ុប មួយចំនួន បន្ទាប់ពីការជំរុញ ការនាំចេញប្រេងឆៅ របស់ខ្លួន ទៅកាន់តំបន់កាលពីខែមុន។
រដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសន្និសីទគំនិតផ្តួចផ្តើម វិនិយោគនាពេលអនាគត នៅទីក្រុងរីយ៉ាដថា ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Aramco ដែលជាក្រុមហ៊ុននាំចេញប្រេងដ៏ធំបំផុត របស់ពិភពលោក បាននាំចេញប្រេងឆៅ ចំនួន ៩៥ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ ទៅកាន់អឺរ៉ុប កាលពីខែមុន ធៀបនឹង ៤៩ម៉ឺន បារ៉ែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានថា ព្រះរាជាណាចក្រ “បានចូលរួម” ជាមួយប្រទេសដូចជាអាល្លឺម៉ង់ និងប៉ូឡូញ ដើម្បីមើលថាតើ “ការសម្របសម្រួល ប្រភេទណាមួយ” ត្រូវបានទាមទារឬអត់។
ព្រះអង្គបានឲ្យដឹងថា “បណ្តាប្រទេសអ៊ឺរ៉ុប កំពុងឆ្លងកាត់ដំណាក់កាល នៃការបិទខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធផ្គត់ផ្គង់របស់ពួកគេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
អង្គការនៃក្រុមប្រទេសអ្នកផលិតប្រេង OPec+ យល់ព្រមកាត់បន្ថយ ទិន្នផលចំនួន ២លានបារ៉ែលក្នុងមួយមួយថ្ងៃ ដោយសារការព្រួយបារម្ភ អំពីតម្រូវការប្រេង ឈានទៅដល់ដំណាក់កាលកណ្តាល។
អឺរ៉ុបកំពុងជួបប្រទះវិបត្តិថាមពល ដ៏អាក្រក់បំផុត បន្ទាប់ពីរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏ធំបំផុតក្នុងតំបន់ បានកាត់បន្ថយការនាំចេញ របស់ខ្លួន ជាការឆ្លើយតបទៅនឹង ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំទូលាយ របស់សហភាពអឺរ៉ុប។ ដើម្បីរៀបចំសម្រាប់រដូវកាល រដូវរងាកំពូល ប្រទេសកំពុងចាប់ផ្តើមរោងចក្រ ធ្យូងថ្មឡើងវិញ និងជំរុញការនាំចូល ឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក និងកាតា៕
ប្រែសម្រួល ឈូក បូរ៉ា