ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា រុស្ស៊ី អាច​នឹង​ជួយ​អ៊ីរ៉ង់ ​បង្ក្រាប​ការ​តវ៉ា

តេអេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមើលឃើញសញ្ញាដែលថា ប្រទេសរុស្ស៊ី អាចនឹងផ្តល់ជំនួយ ដល់អាជ្ញាធរអ៊ីរ៉ង់ ក្នុងការបង្ក្រាបបាតុករ នៅក្នុងអ្វីដែលបានក្លាយជាចលនា តវ៉ាដ៏ពេញនិយមបំផុត នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ២០០៩ មក។

ការអភិវឌ្ឍន៍នេះកើតឡើងចំពេល ដែលទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ដែលសហរដ្ឋអាមេរិក បានឲ្យដឹងថា កំពុងផ្តល់យន្តហោះដ្រូនអត្ដឃាត សម្រាប់រុស្ស៊ីប្រើប្រាស់ក្នុងប្រទេស អ៊ុយក្រែន។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីខែមុន បន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ ២២ ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលីស។ របប​នេះ​បាន​ប្រើ​អំពើ​ហិង្សា ការ​បំភិត​បំភ័យ និង​ការ​ចាប់​ខ្លួន​មហាជន ប៉ុន្តែ​មិន​អាច​បំបិទ​មាត់ ​អ្នក​ប្រឆាំង​បាន​នោះទេ។

កាលពីថ្ងៃពុធ អ្នកកាន់ទុក្ខរាប់ពាន់នាក់ បានដើរដង្ហែទៅកាន់ផ្នូររបស់ Amini នៅ Saqez ខណៈកំពុងស្រែកពាក្យស្លោកប្រឆាំងនឹងរបបនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន The National។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា “យើងឃើញសញ្ញាថាពួកគេ (ជនជាតិរុស្ស៊ី) ប្រហែលជាកំពុងពិចារណា អំពីសមត្ថភាពក្នុងការជួយបណ្តុះបណ្តាល ជនជាតិអ៊ីរ៉ង់ លើការបង្រ្កាបក្រុមអ្នកតវ៉ា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top