វ៉ាស៊ីនតោន៖ ឧត្តមសេនីយឯកយោធាអាមេរិកដែលចូលនិវត្តន៍បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែនថា លោកជឿថា រុស្ស៊ី “ពិតមិនទំនងនោះទេ” ដែលរុស្ស៊ី នឹងងាកទៅរកអាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។
លោក Ben Hodges ដែលបានបម្រើការជាអគ្គមេបញ្ជាការនៃកងទ័ពអាមេរិកអឺរ៉ុបចន្លោះឆ្នាំ២០១៤-២០១៧ បានប្រាប់កាសែត Kyiv Post កាលពីថ្ងៃពុធថា ខណៈដែលលោកប្រកាន់យកការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ “យ៉ាងធ្ងន់ធ្ងរ” លោកមិនជឿថាវិមានក្រឹមឡាំងនឹងប្រើវិធានការខ្លាំងបែបនេះទេ បើទោះបីជាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ចាប់ផ្តើមបាត់បង់ទឹកដីបន្ថែមទៀតក៏ដោយ។
លោក Hodges បានលើកឡើងថា “រុស្ស៊ីមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់ ហើយខ្ញុំទទួលយកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែខ្ញុំគិតថាវាមិនទំនងនោះទេ ដែលពួកគេនឹងប្រើអាវុធនុយក្លេអ៊ែរ ដោយសារតែផលវិបាកអវិជ្ជមានទាំងអស់ដែលពួកគេនឹងត្រូវប្រឈមមុខ ហើយខ្ញុំគិតថាវិមានក្រឹមឡាំង និងបុគ្គលិកទូទៅរុស្ស៊ីដឹងរឿងនេះច្បាស់”។
លោក Hodges ក៏បានរាយបញ្ជីនូវអ្វីដែលលោកជឿថាជា “ការគណនាខុសជាយុទ្ធសាស្ត្រ” ជាច្រើនដោយវិមានក្រឹមឡាំង ដោយចាប់ផ្តើមពីការសន្មតរបស់រុស្ស៊ីថា កងទ័ពរបស់ខ្លួនមាន “អត្ថប្រយោជន៍ដ៏ធំ” លើយោធាអ៊ុយក្រែន។
លោកបន្ថែមថា “ការគណនាខុសទីពីរដែលពួកគេបានធ្វើគឺថាលោកខាងលិចមិនខ្វល់នោះទេ ព្រោះយើងបានបង្ហាញថាយើងមិនមានឆន្ទៈធ្វើច្រើនបន្ទាប់ពីហ្សកហ្ស៊ី បន្ទាប់ពីគ្រីមៀ បន្ទាប់ពីស៊ីរី ហើយដូច្នេះពួកគេប្រហែលជាគិតថាយើងនឹងបន្ត “៕ប្រែសម្រួល ឈូក បូរ៉ា