ព័ត៌មានអន្តរជាតិ

រុស្ស៊ី សារភាពថា ខ្លួន​ពិតជាអស់​ឧបករណ៍​ សម្រាប់​ទាហាន​ចល័តមែន

គៀវ៖ រុស្ស៊ី​បាន​ទទួល​ស្គាល់​ ជា​លើក​ដំបូង​ថា ខ្លួន​មិន​មាន​ឧបករណ៍​គ្រប់​គ្រាន់ សម្រាប់​ការ​ចល័ត​ទាហាន​ ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន ពិតមែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មានបញ្ហាជាមួយឧបករណ៍ សម្រាប់បុរសរាប់សែននាក់ ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោមក្រឹត្យស្តីពីការចល័ត ដោយផ្នែករបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។

លោក Peskov បានលើកឡើងថា ក្រុមប្រឹក្សាដែលទើបបង្កើតថ្មី ដែលបង្កើតឡើងដោយពូទីនកំពុងធ្វើការលើការដោះស្រាយបញ្ហាជាមួយឧបករណ៍។ លោក​បាន​បន្ត​ថា “វិធានការ​ដ៏​ខ្លាំងក្លា​ដែល​បាន​ធ្វើ​ដើម្បី​កែ​តម្រូវ​ស្ថានការណ៍​កំពុង​ផ្តល់ ​លទ្ធផល​ជា​វិជ្ជមាន​ដំបូង ​រួច​ទៅ​ហើយ​”។

លោក Peskov បានបន្ដថា អាជ្ញាធរក្នុងតំបន់កំពុងធ្វើការលើការផ្តល់ “ឧបករណ៍ដែលបាត់” ដោយកត់សម្គាល់ថាឧបនាយករដ្ឋមន្ត្រី Denis Manturov “ទទួលខុសត្រូវផ្ទាល់ ចំពោះរឿងនេះ” ដែលជាផ្នែកនៃក្រុមប្រឹក្សាថ្មី របស់លោក ពូទីន។

លោក ពូទីន កាលពីថ្ងៃអង្គារ បានបើកកិច្ចប្រជុំផ្លូវការលើកដំបូងនៃ “ក្រុមប្រឹក្សាសម្របសម្រួល” របស់លោក សម្រាប់ការផ្គត់ផ្គង់យោធា និងភស្តុភារ។ វាត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែតុលា ហើយព្យាយាមធានាថា យោធារបស់លោក មានការផ្គត់ផ្គង់គ្រប់គ្រាន់ នៅក្នុងសង្គ្រាម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top