ព័ត៌មានអន្តរជាតិ

អាមេរិក នាំយកគ្រាប់បែក នុយក្លេអ៊ែរ B61-12 ទៅដាក់នៅមូលដ្ឋានណាតូ ក្នុងទ្វីបអឺរ៉ុប

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព ពីផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងមនុស្សពីរនាក់ ដែលដឹងពីបញ្ហានេះថា អាមេរិកបាននាំយក គ្រាប់បែកនុយក្លេអ៊ែរ ទម្លាក់តាមអាកាស B61-12 ជំនាន់ថ្មី ទៅកាន់មូលដ្ឋាន ណាតូ នៅអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺថា ការផ្លាស់ប្តូរដែលបានគ្រោងទុកដំបូង សម្រាប់និទាឃរដូវក្រោយ ឥឡូវនេះត្រូវបានកំណត់ពេល សម្រាប់ខែធ្នូនេះ។ មន្ត្រីអាមេរិកត្រូវបានគេនិយាយថា បានបញ្ជូនព័ត៌មាននេះទៅកាន់សម្ព័ន្ធមិត្តណាតូ ក្នុងអំឡុងពេលកិច្ចប្រជុំ បិទទ្វារ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្នុងខែនេះ។

នៅក្នុងការអត្ថាធិប្បាយ តាមអ៊ីមែលទៅកាន់ Politico អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយទោ Patrick Ryder បានបដិសេធ មិនពិភាក្សាអំពីព័ត៌មានលម្អិត នៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបាននិយាយថា ការជំនួសគ្រាប់បែក B61 ជំនាន់ចាស់ សម្រាប់កំណែថ្មី B61-12 គឺ “ជាផ្នែកមួយនៃការគ្រោងទុកជាយូរមកហើយ និងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មតាមកាលវិភាគ។”

លោក Ryder បន្ថែមថា “វាមិនមានទំនាក់ទំនងជាមួយព្រឹត្តិការណ៍បច្ចុប្បន្ននៅអ៊ុយក្រែនទេ ហើយវាមិនដំណើរការលឿនតាមមធ្យោបាយណាមួយឡើយ”។

គ្រាប់បែក B61 ជាប្រភេទគ្រាប់បែកនុយក្លេអ៊ែរ ដែលត្រូវបានបង្កើតឡើងដំបូង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ កំណែប្រែដែលបានធ្វើឱ្យប្រសើរឡើងត្រូវបានបំពាក់ ដោយឧបករណ៍កន្ទុយ ទំនើប សម្រាប់ភាពត្រឹមត្រូវកាន់តែច្រើន, នេះបើយោងតាមក្រសួងថាមពល សហរដ្ឋអាមេរិក។ អាវុធនេះត្រូវបានរចនាឡើង ដើម្បីដឹកដោយយន្តហោះ លោកខាងលិច មួយចំនួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែក B-2 និង B-21 ក៏ដូចជាយន្តហោះចម្បាំង F-15, F-16, F-35 និងយន្តហោះចម្បាំង Tornado ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top