ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ពិភពលោកពេលនេះ ប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងទសវត្សរ៍ ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថា បានព្យាយាមលុបប្រទេសរុស្ស៊ី “ចេញពីមុខផែនទីនយោបាយ”។

នៅក្នុងទិដ្ឋភាពទូលំទូលាយប្រឆាំង នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោកបានចោទប្រកាន់ពីបទញុះញង់ឱ្យមានជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន បានឲ្យដឹងថា លោកខាងលិច កំពុងលេងអ្វីដែលលោក ចាត់ទុកជាល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់ដែលកំពុងសាបព្រួស ភាពវឹកវរជុំវិញពិភពលោក។

ក្នុងអំឡុងសុន្ទរកថាដ៏វែងមួយនៅឯសន្និសីទ នៃអ្នកជំនាញគោលនយោបាយអន្តរជាតិ លោកបានលើកឡើងថា ទីក្រុងមូស្គូ មិនមានចេតនាប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែននោះទេ ទោះបីជាកាលពីថ្ងៃពុធ លោកបានតាមដានសមយុទ្ធ ដែលក្លែងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ីក៏ដោយ។

នៅទីបំផុត លោកពូទីន បានលើកឡើងថា លោកខាងលិចនឹងត្រូវនិយាយជាមួយរុស្ស៊ី និងមហាអំណាចផ្សេងទៀតអំពីអនាគតនៃពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកពូទីន  បានចាត់ទុកជម្លោះនៅអ៊ុយក្រែនថាជាសមរភូមិរវាងលោកខាងលិច និងរុស្ស៊ី សម្រាប់ជោគវាសនានៃប្រទេសស្លាវីភាគខាងកើតដ៏ធំបំផុតទីពីរ។  លោក​បាន​បន្ថែមថា វា​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ស៊ីវិល​ ដោយសារ​ប្រជាជន​រុស្ស៊ី និង​អ៊ុយក្រែន ជា​ប្រជាជន​តែ​មួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top