ព័ត៌មានអន្តរជាតិ

សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន បង្កើនពន្លឺកាលានុវត្តភាព អភិវឌ្ឍ

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃបិទសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលបានឆ្លងកាត់រយៈពេល១សតវត្សរ៍មកនេះ។ សមាជដែលតែងបានប្រារព្ធជាទៀងទាត់ក្នុងរយៈពេល៥ឆ្នាំមកបានក្លាយជាប្រធានបទ និងជាក្តីសង្ឃឹមដែលមិនត្រឹមតែសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ដែលថែមទាំងបានពន្លាត ដល់ពិភពលោកទាំងមូល ថែមទៀតផង។

ក្នុងជំនឿជាក់លើវិថីនៃការអភិវឌ្ឍ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបានបោះឆ្នោតជាឯកច្ឆន្ទបន្តផ្តល់តួនាទីជូនលោក ស៊ី ជីនភីង ជាអគ្គលេខាធិការបក្ស ក្រោមសម្លេងស្នូរទះដៃអបអរសាទរនិងសារលិខិតជូនពររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៅទូទាំងពិភពលោក។ ក្នុងខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជាច្រើនដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនានាបានផ្ញើជូនលោក ស៊ី ជីនភីង សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់លោក ស៊ី ជីនភីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណពិសេសរបស់ចិន ហើយជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់បក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំទី២។ នេះជាការរំលេចនិងទទួលស្គាល់ពីសមិទ្ធផលនៃការអភិវឌ្ឍសកលដែលផ្តួចផ្តើមដោយប្រទេសចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បើតាមការចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានបង្ហាញថា ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៣,៩%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានកើនដល់៨៧ពាន់ពាន់លានយាន់នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២។ ក្នុងការពង្រឹងកំណែទម្រង់ដោយបន្តបើកលំហសេរីភាពទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាពសង្គមរបស់ប្រទេសចិនកាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គមនិយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិន កាន់តែមានភាពចាស់ទុំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពកាន់តែប្រសើរ ។

ក្នុងជំនឿជាក់លើការផ្តល់ភាពរុងរឿងសម្រាប់ប្រជាជននិងមនុស្សជាតិទូទៅ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនបានបញ្ជាក់នូវជំហរនយោបាយមូលដ្ឋានដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការឈរនៅជាប់ជានិច្ចជាមួយប្រជាជាតិចិននិងមនុស្សជាតិលើពិភពលោករក្សាបាននូវចំណងមិត្តភាពជាប្រពៃណីរវាងគ្នានិងគ្នា ដោយបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីបង្កើតសុភមង្គលក្នុងជីវិត និងបំពេញបំណងប្រាថ្នារបស់ប្រជាជនទូទៅឱ្យប្រសើរជាងមុនដោយផ្តោតលើការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូលឈានទៅរកការសម្រេចបាននូវគោលដៅនៃវិបុលភាពរួម។ កិច្ចជំរុញការកសាងសហគមន៍រួមជីវិតរវាងមនុស្សនិងធម្មជាតិ សហគមន៍រួមវាសនានៃមនុស្សជាតិ សុទ្ធសឹងជាទឡ្ហីករណ៍ដែលបានគូសបញ្ជាក់នៅក្នុងលទ្ធផលនៃអង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដើម្បីបន្តផ្តល់កាលានុវត្តភាពថ្មីជូនដល់សកលលោកក្នុងដំណើរឆ្ពោះទៅកាន់សុភមង្គល បើទោះបីជាផ្លូវឆ្ពោះសុភមង្គលរបស់បណ្តាប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ ប្រជាជនមកពីបណ្តាប្រទេសនានាមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធអភិបាលកិច្ចរៀងៗខ្លួននៅក្នុងការធ្វើទំនើបកម្មដោយខ្លួនឯងដែលនេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ។

ក្នុងជំនឿជាក់បំពេញការងារដោយផ្តល់ផលប្រយោជន៍ជាមួយប្រទេសទាំងអស់ក្នុងគោលការណ៍ឈ្នះ-ឈ្នះ និងគោរពយ៉ាងពេញលេញនូវយន្តការពហុភាគីនិយមក្នុងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកចំហកាន់តែទូលាយ។ ដូចដែលយើងបានដឹងរួចមកហើយថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» សុទ្ធសឹងជាទឡ្ហីករណ៍យកមកបញ្ជាក់ នេះដោយមិនរាប់នូវបណ្តាកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីនានាដូចជាRCEPជាឧទាហរណ៍ស្រាប់ បានរំលេចពីកិច្ចបើកទូលាយការអភិវឌ្ឍរបស់ប្រទេសចិន។ កំណើនសេដ្ឋកិច្ចរបស់ចិន ដូចទៅនឹងទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិនប្រកាសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចជាតិចិនគិតចាប់ពីខែមករាដល់ខែកញ្ញាក្នុងឆ្នាំ២០២២ មាននិន្នាការស្តារឡើងវិញយ៉ាងល្អដែលលេចធ្លោជាងត្រីមាសទី ២ តម្រូវការខាងផលិតកម្មត្រូវបានកែលម្អជាបន្តបន្ទាប់ ការមានការងារធ្វើ និងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ជីវភាពរស់នៅរបស់ប្រជាជនទទួលបានការធានាយ៉ាងខ្លាំងនិងមានប្រសិទ្ធភាព ហេតុនេះការដំណើរការសេដ្ឋកិច្ចទូទៅបានរក្សាក្នុងចន្លោះសមហេតុផល។ នៅក្នុងក្នុងដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ សមាជលើកទី២០របស់បក្សកុម្មុយនីស្តចិនបានបង្ហាញយ៉ាងប្រត្យក្សថា សមត្ថភាពពេញលេញរបស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានឆ្លងកាត់ដំណើរតស៊ូអស់រយៈពេលមួយរយឆ្នាំនឹងត្រៀមខ្លួនបង្កើតភាពអស្ចារ្យថ្មីកាន់តែធំជាងមុនក្នុងការអភិវឌ្ឍខ្លួនឯងឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក

ជារួម គោលដៅមួយរយឆ្នាំលើកទី២របស់បក្សកុម្មុយនិស្តចិន បាននិងកំពុងចេញដំណើរយ៉ាងស្វាហាប់ក្នុងការបោះជំហានលើវិថីអភិវឌ្ឍន៍ដែលបានពង្រីកទំហំពន្លឺអភិវឌ្ឍ បង្កើននូវបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងចរន្តពហុភាគីនិយម ឆ្ពោះទៅរកវិបុលភាពនៃទម្រសន្តិភាព និងសសរស្តម្ភរបស់ការអភិវឌ្ឍ ស្របតាមលក្ខខណ្ឌនៃវិទ្យាសាស្រ្តដែលបានគូសបញ្ជាក់បែបគរុសភាថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ។ គតិបណ្ឌិតរបស់ជនជាតិចិនយល់ថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់» ហេតុនេះការបើកចំហនិងការរួមបញ្ចូលគ្នាបានធ្វើឲ្យពិភពលោកក្លាយទៅជាសហគមន៍រួមវាសនា ដែលសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិននៅបន្តជំរុញនិងលើកកម្ពស់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងចែករំលែកផ្លែផ្កានៃការអភិវឌ្ឍដល់មនុស្សជាតិទូទៅ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top