បរទេស៖ ជំនួយការកំពូលរបស់ប្រធានាធិបតី Andrzej Duda បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសប៉ូឡូញពិតជាចង់ធ្វើជាម្ចាស់ផ្ទះទាំងវត្តមាន កងទ័ពជាអចិន្ត្រៃយ៍ របស់អង្គការណាតូ និងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់ខ្លួន។ លោក Jakub Kumoch ដែលជាជំនួយការប្រធានាធិបតីបានប្រាប់បណ្តាញព័ត៌មាន Polsat ថា មានការពិភាក្សា “គំនិត” ជាមួយទីក្រុងវ៉ាស៊ីនតោន អំពីអាវុធបរមាណូ ហើយបានអះអាងថា សន្ធិសញ្ញា NATO-Russia ឆ្នាំ ១៩៩៧ មិនគួរត្រូវបានចាត់ទុកជាឧបសគ្គ ក្នុងការសម្រេចបាននូវរឿងនេះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Duda បានបង្កើតចំណងជើងធំនៅក្នុងកាសែត កាលពីដើមខែនេះ ដោយនិយាយថា ប្រទេសប៉ូឡូញបានពិភាក្សា អំពីការចូលរួមក្នុងកម្មវិធី “ការចែករំលែកនុយក្លេអ៊ែរ” ដែលនៅក្រោមនោះ សហរដ្ឋអាមេរិក បានដាក់ពង្រាយគ្រាប់បែក នុយក្លេអ៊ែរនៅក្នុងប្រទេសជាច្រើនដែលមិនមែនជាអង្គការណាតូ។ ក្រសួងការបរទេស បានប្រតិកម្មយ៉ាងឆាប់រហ័ស ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមាន “ផែនការ” ក្នុងការដាក់ពង្រាយអាវុធបរមាណូ ដល់សមាជិកណាតូណាមួយ ដែលបានចូលរួមបន្ទាប់ពីឆ្នាំ ១៩៩៧នោះទេ ដោយអ្នកនាំពាក្យរង Vedant Patel ទទូចថា លោកមិនបានដឹងពីការពិភាក្សាណាមួយជាមួយប៉ូឡូញអំពីបញ្ហានេះទេ។
លោក Kumoch ដែលជាជំនួយការប្រធានាធិបតីប៉ូឡូញ បានប្រាប់កាសែត Polsat កាលពីថ្ងៃសុក្រថា “ប្រធានាធិបតីមិនបាននិយាយថា ប៉ូឡូញកំពុងធ្វើកិច្ចពិភាក្សានោះទេ ប៉ុន្តែថាមានការពិភាក្សាបែបនេះហើយវាជាការពិត ថា មានកិច្ចពិភាក្សាបែបនេះ” ។ លោកបានបន្ថែមថា “ពួកគេស្ថិតនៅក្នុងដំណាក់កាលនៃគំនិត” ដោយថា រដ្ឋាភិបាលទីក្រុង Warsaw បានជូនដំណឹងដល់អាមេរិកថា ប៉ូឡូញចាប់អារម្មណ៍ក្នុងការចូលរួម ក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែរ៕ ប្រែសម្រួលៈ ណៃ តុលា