បរទេស៖ អាជ្ញាធរនៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយទីក្រុងមូស្គូ បាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ ដែលបានវាយប្រហារកំពង់ផែ Sevastopol នៅថ្ងៃសៅរ៍ ត្រូវបាន “រុញច្រាន និង “បាញ់ទម្លាក់” ដោយជោគជ័យ ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បាននិយាយនៅលើ Telegram ថា “ថ្ងៃនេះ ចាប់ពីម៉ោង 04:30 ព្រឹក អស់រយៈពេលជាច្រើនម៉ោង ប្រព័ន្ធការពារដែនអាកាសជាច្រើននៅក្នុងទីក្រុង Sevastopol បានបាញ់ប្រហារទៅលើយន្តហោះគ្មានមនុស្សបើក” ។ “យាន UAV ទាំងអស់ (យន្តហោះគ្មានមនុស្សបើក) ត្រូវបានបាញ់ទម្លាក់។”
រុស្ស៊ីបានបញ្ចូលឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។ កងកម្លាំងរបស់ខ្លួន បានវាយប្រហារអ៊ុយក្រែនពីទិសដៅជាច្រើនក្នុងខែកុម្ភៈឆ្នាំនេះ រួមទាំងពីតំបន់គ្រីមៀ ផងដែរ។
កាលពីដើមសប្តាហ៍នេះ លោក Razvozhayev បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារស្ថានីយ៍ថាមពលកំដៅនៅជិតទីក្រុង Sevastopol ។
កងនាវារុស្ស៊ីដែលឈរជើងនៅក្នុងកំពង់ផែ ក៏ត្រូវបានវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកកាលពីខែកក្កដាផងដែរ។ ការប្រកាសចុងក្រោយនេះ បានកើតឡើងនៅពេលដែលកងកម្លាំងអ៊ុយក្រែន ធ្វើការវាយលុក ដើម្បីដណ្តើមយកដីនៅភាគខាងត្បូងប្រទេស ដែលកាន់កាប់ដោយរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា