ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ ១៤៩នាក់ និង ៧៦នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ រត់ជាន់គ្នា ក្នុងថ្ងៃបុណ្យហូឡូវៀន នៅកូរ៉េខាងត្បូង

សេអ៊ូល៖ អាជ្ញាធរពន្លត់អគ្គីភ័យ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់បានស្លាប់ និង ៧៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការរត់ជាន់គ្នាដ៏សាហាវមួយនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ខណៈដែលហ្វូងមនុស្សដ៏ច្រើនកុះករបានរត់ជាន់គ្នា នៅឯការប្រារព្ធពិធីបុណ្យ Halloween នៅពេលយប់។

 យោងតាមសាក្សីបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងផ្លូវតូចចង្អៀតមួយ ក្បែរសណ្ឋាគារ Hamilton ក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ល្បី បន្ទាប់ពីមានអ្នកជប់លៀងជាច្រើន បានជន់លិចចូលទៅក្នុងនោះ។

 មនុស្សរាប់ម៉ឺននាក់បានទៅលេងតំបន់នេះសម្រាប់ពិធីជប់លៀង Halloween ។ អាជ្ញាធរអគ្គីភ័យបានឲ្យដឹងថា មនុស្សសរុបចំនួន ១៤៩ នាក់ រួមទាំងជនបរទេស ២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដោយ ៧៦នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ១៩នាក់ របួសធ្ងន់។

 លោក Choi Seong-beom ប្រធានផ្នែកពន្លត់អគ្គីភ័យនៅ Yongsan ដែលរួមមាន Itaewon បានប្រាប់អ្នកយកព័ត៌មានថា “ការស្លាប់និងរបួសជាច្រើន បានកើតឡើងនៅពេលដែលហ្វូងមនុស្សបានដួលនៅលើកំឡុងពេលពិធីបុណ្យ Halloween” ។ អាជ្ញាធរ​ក៏​បាន​ឲ្យដឹងថា ជន​រង​គ្រោះ​ក្នុង​វ័យ​២០​ឆ្នាំ​ជា​ក្រុម​អាយុ​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត ​ដោយ​គ្រោះ​ថ្នាក់​នេះ ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top