ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ផ្អាកការនាំចូល គ្រាប់ធញ្ញជាតិសំខាន់ៗ ដែលចេញពីអ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ ពីអ៊ុយក្រែន ដោយស្តីបន្ទោសទៅលើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកមកលើនាវារុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។

ប្រទេសរុស្ស៊ីបានធ្វើសេចក្តីប្រកាសបន្ទាប់ពី កងទ័ពរបស់ខ្លួនដោយបានចោទប្រកាន់ក្រុង គៀវ កាលពីថ្ងៃសៅរ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ដ៏ធំ” មកលើកងនាវាសមុទ្រខ្មៅរបស់ខ្លួន ដែលអ៊ុយក្រែនបានចាត់ទុកជា “លេសមិនពិត” ហើយអង្គការសហប្រជាជាតិបានជំរុញឱ្យមានការរក្សាកិច្ចព្រមព្រៀងនេះ ។

កិច្ចព្រមព្រៀងរវាងប្រទេសតួកគី និងអង្គការសហប្រជាជាតិ ដែលជាអ្នកសម្របសម្រួលដើម្បីដោះស្រាយការជាប់គាំងការនាំចេញគ្រាប់ធញ្ញជាតិដែលបានចុះហត្ថលេខារវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីខែកក្កដា គឺមានសារៈសំខាន់ក្នុងការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោកដែលបណ្តាលមកពីជម្លោះ ។

កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ជាង៩លានតោនរួចហើយ ហើយនឹងត្រូវបន្តជាថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា ។

ប្រភពសន្តិសុខតួកគីបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ក្រុងអង់ការ៉ា មិនត្រូវបានគេ “ជូនដំណឹងជាផ្លូវការ” អំពីការផ្អាករបស់រុស្ស៊ីនោះទេ ខណៈដែលអ៊ុយក្រែន និងអង្គការសហប្រជាជាតិ បានជំរុញឱ្យកិច្ចព្រមព្រៀងនេះនៅតែជាធរមាន ។

លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំអំពាវនាវឱ្យរដ្ឋទាំងអស់ទាមទារឱ្យរុស្ស៊ីបញ្ឈប់ល្បែងអត់ឃ្លានរបស់ខ្លួន ហើយប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top