ព័ត៌មានអន្តរជាតិ

ប្រទេសលីបង់ ស្ថិតក្នុងភាពខ្វះចន្លោះ ផ្នែកនយោបាយ ខណៈប្រធានាធិបតី ទទួលយកការលាលែងពីតំណែង

លីបង់៖ ប្រទេសលីបង់ បានស្ថិតក្នុងស្ថានភាព ខ្វះអំណាចមួយទៀត ខណៈដែលលោក Michel Aoun បានចាកចេញពីវិមានប្រធានាធិបតី ប៉ុន្តែសភាមិនទាន់សម្រេចអំពីអ្នកស្នងតំណែង របស់លោកនៅឡើយ។

មេដឹកនាំ​ដែល​បែកបាក់​គ្នា​អាយុ ៨៩ ឆ្នាំ​រូប​នេះ​បាន​ចុះហត្ថលេខា ​លើ​ក្រឹត្យ​ទទួល​យក​ការ​លាលែង​ ពី​តំណែង​របស់​រដ្ឋាភិបាល​មួយ​ថ្ងៃ​មុន​ពេល​ផុត​អាណត្តិ​របស់​លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកបានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “ព្រឹកនេះ ខ្ញុំបានផ្ញើលិខិតមួយច្បាប់ ទៅសភាតំណាងដោយអនុលោមតាម អំណាចរដ្ឋធម្មនុញ្ញរបស់ខ្ញុំ ហើយបានចុះហត្ថលេខាលើក្រឹត្យ លាលែងពីតំណែងរបស់រដ្ឋាភិបាល” ។

ការចាកចេញរបស់លោកកើតឡើង ទោះបីជាមិនមានកិច្ចព្រមព្រៀង លើការជំនួសរបស់លោកក៏ដោយ បន្ទាប់ពីសមាជិកសភាបានបរាជ័យ ក្នុងការជ្រើសរើសអ្នកស្នងតំណែង នៅក្នុងការប៉ុនប៉ងចំនួនបួន នៅក្នុងសភាដែលបែកបាក់ យ៉ាងខ្លាំងរបស់ប្រទេសលីបង់ ។

ប្រទេសលីបង់ កំពុងត្រូវបានគ្រប់គ្រង ដោយរដ្ឋាភិបាលចាំផ្ទះ ខណៈដែលការបែងចែក នយោបាយបានរារាំងការបង្កើត គណៈរដ្ឋមន្ត្រីថ្មីចាប់តាំងពី ការបោះឆ្នោតសភានៅឆ្នាំនេះ។

ក្នុង​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី រដ្ឋាភិបាល​ត្រូវ​ប្រកាន់ យក​អំណាច​ប្រធានាធិបតី ប៉ុន្តែវា​នឹង​ជា​លើក​ទី​មួយ​ដែល​រដ្ឋាភិបាល​ចាំផ្ទះ​អាច​ត្រូវ​បាន ​អំពាវនាវ​ឱ្យ​បំពេញ​កន្លែង​ទំនេរ​ ចាប់​តាំង​ពី​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល ​នៅ​លីបង់​កាលពី ៣២ឆ្នាំមុន។

ប្រទេសលីបង់ បានស្ថិតក្នុងការក្តាប់ នៃវិបត្តិសេដ្ឋកិច្ចដែលត្រូវបាន ពិពណ៌នាដោយធនាគារពិភពលោកថា ជាប្រទេសមួយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រទំនើប។ មានបំណុលជាតិកើនឡើង វិបត្តិធនាគារ និងផលប៉ះពាល់នៃមេរោគរាតត្បាត។ បញ្ហា​ប្រឈម​ទាំង​អស់​នេះ​ បាន​រួម​បញ្ចូល​គ្នា​ក្នុង​ពេល​មាន ​ចលាចល​នយោបាយ និង​ការ​តវ៉ា​ទូទាំង​ប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top