ព័ត៌មានអន្តរជាតិ

នាវាមុជទឹក Borei-A នីមួយៗរបស់រុស្ស៊ី អាចផ្ទុកមីស៊ីល បំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ ១៦ ដើម

បរទេស ៖ មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ នៅពេលដែលភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយលោកខាងលិចថា ប្រទេសរុស្ស៊ីកំពុងដំណើរ ការសាកល្បង នូវនាវាមុជទឹកនុយក្លេអ៊ែរ យុទ្ធសាស្ត្រថ្មីមួយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមនាវីឯក Nikolay Yevmenov បាននិយាយក្នុងឱកាស ខួបលើកទី ៣២៦ នៃការបង្កើតកងនាវាចររុស្ស៊ីថា “មីស៊ីលយុទ្ធសាស្ត្រដើរ ដោយថាមពល នុយក្លេអ៊ែរថ្មីបំផុត នាវាមុជទឹក Generalissimo Suvorov កំពុងត្រូវបានសាកល្បង” ។

ប្រមុខកងទ័ពជើងទឹកបាននិយាយថា នាវាមុជទឹកនេះ ត្រូវបានសាងសង់នៅឯសហគ្រាស Sevmash ដែលជាកន្លែងផលិតកប៉ាល់ ដ៏ធំបំផុតរបស់រុស្ស៊ីនៅក្នុង ទីក្រុង Severodvinsk ភាគខាងជើង។

នាវា Generalissimo Suvorov គឺជានាវាទី៦ នៃនាវាមុជទឹកផ្ទុកមីស៊ីលផ្លោង ជំនាន់ទី ៤ របស់រុស្ស៊ី និងជាកប៉ាល់ផលិតដ៏ធំទីពីរ នៃប្រភេទ Borey-A class ដែលបានធ្វើឱ្យប្រសើរឡើង ។ នាវា Borei-A នីមួយៗអាចផ្ទុកមីស៊ីល បាលីស្ទីកបាញ់ចេញពីនាវាមុជទឹក Bulava ដល់ទៅ ១៦ ដើម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ កប៉ាល់នេះត្រូវបានគេដាក់ឈ្មោះ តាមឧត្តមសេនីយ៍ Alexander Suvorov នៅសតវត្សរ៍ទី១៨ ដែលត្រូវបានគេចាត់ទុកថា ជាមេទ័ពដ៏អស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ៕

To Top