ព័ត៌មានអន្តរជាតិ

Update៖ ព្យុះត្រូពិច Nalgae បានឆក់យកជីវិត មនុស្សអស់៩៨នាក់ នៅហ្វីលីពីន

NOVELETA ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះ ដែលបានវាយប្រហារ មកលើប្រទេសហ្វីលីពីន បានកើនឡើង ដល់៩៨នាក់ ហើយ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះ ជាមួយនឹងក្តីសង្ឃឹមតិចតួច ក្នុងការស្វែងរកអ្នករស់រានមានជីវិត នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត ។

ជាងពាក់កណ្តាលនៃអ្នកស្លាប់ គឺដោយសារតែមានទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដីដែលកើតឡើង ដោយព្យុះត្រូពិច Nalgae ដែលបានបំផ្លាញភូមិនានា នៅលើកោះ Mindanao ភាគខាងត្បូង នៃប្រទេស កាលពីថ្ងៃសុក្រ ។

គេបានដឹងថា កោះ Mindanao កម្រទទួលរងការ វាយប្រហារដោយព្យុះទីហ្វុងចំនួន២០ ឬដូច្នេះដែលវាយប្រហារ ហ្វីលីពីនជារៀងរាល់ឆ្នាំ ប៉ុន្តែព្យុះដែលចូលមកក្នុងតំបន់ ទំនងជាមានអ្នកស្លាប់ជាងនៅកោះ Luzon និងផ្នែកកណ្តាលនៃប្រទេស ។

លោក Naguib Sinarimbo ប្រធានការពារជនស៊ីវិល នៃតំបន់ Bangsamoro ក្នុងទីក្រុង Mindanao បានលើកឡើងថា “យើងបានផ្លាស់ប្តូរប្រតិបត្តិការ របស់យើងពីការស្វែងរក និងជួយសង្គ្រោះទៅប្រតិបត្តិការយកមកវិញ ពីព្រោះឱកាសនៃការរស់រានមានជីវិត បន្ទាប់ពី២ថ្ងៃគឺស្ទើរតែគ្មាន” ។

ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានកត់ត្រាមនុស្សចំនួន ៦៣នាក់នៅតែបាត់ខ្លួន និងជាច្រើននាក់ទៀតរងរបួស ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម Facebook ដែលបង្ហាញពីបុគ្គលិករបស់ខ្លួននៅក្នុងភូមិ Kusiong ដែលត្រូវបានបំផ្លិចបំផ្លាញ ក្នុងខេត្ត Maguindanao del Norte នៃ ខេត្ត Mindanao ដោយបានដើរឆ្លងកាត់ភក់ និងទឹកខ្ពស់ដោយប្រើ បំណែកឈើវែងៗ ក្នុងការស្វែងរកសាកសពបន្ថែមទៀត ។

ភូមិ Kusiong ត្រូវបានកប់ដោយគ្រោះបាក់ដីដ៏ធំ ដែលបង្កើត បានជាគំនរបាក់បែកដ៏ធំ នៅខាងក្រោមកំពូលភ្នំដ៏ស្រស់ស្អាតជាច្រើន ៕

To Top