ព័ត៌មានអន្តរជាតិ

Update៖ UN បញ្ជាក់ថា គ្មាននាវាណាមួយពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ខណៈរុស្ស៊ីថា នាវារបស់ខ្លួនរងការប្រហារ

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គ្មាននាវាណាមួយដែលពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលឈ្មួញកណ្តាលដោយ អង្គការសហប្រជាជាតិ កំពុងឆ្លងកាត់ច្រករបៀងមនុស្សធម៌ សមុទ្រខ្មៅនៅយប់ថ្ងៃទី២៩ ខែតុលា នៅគ្រាដែលរុស្ស៊ី បានអះអាងថា នាវារបស់ខ្លួននៅឧបទ្វីបគ្រីមៀ ត្រូវបានវាយប្រហារ ។

ប្រទេសរុស្សី បានចោទប្រកាន់អ៊ុយក្រែន ថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក តាមផ្លូវអាកាស និងដែនសមុទ្រដើម្បីកំណត់ គោលដៅនាវានៅឈូងសមុទ្រ Sevastopol នៅព្រឹកថ្ងៃសៅរ៍ ហើយបានស្នើថា យន្តហោះគ្មានមនុស្សបើក១ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើក អាចត្រូវបានគេបាញ់ចេញពី នាវាស៊ីវិលដែលបានជួល ដើម្បីនាំចេញស្បៀងពីកំពង់ផែអ៊ុយក្រែន ។

ប្រទេសអ៊ុយក្រែន មិនបានបញ្ជាក់ ឬបដិសេធថា ខ្លួនមិនបាននៅពីក្រោយ ការវាយប្រហារនោះទេ ប៉ុន្តែបានឲ្យដឹងថា កងទ័ពជើងទឹករបស់រុស្ស៊ី ជាគោលដៅយោធាស្របច្បាប់ ។

ឆ្លើយតបទៅនឹងការ ចោទប្រកាន់របស់រុស្ស៊ី អំពីការប្រើប្រាស់កប៉ាល់ដឹកទំនិញខុសឆ្គង ប្រធានជំនួយការរបស់ អង្គការសហប្រជាជាតិ Martin Griffiths បានប្រាប់ដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទថា “គ្មាននរណាម្នាក់នៅក្នុង ច្រករបៀងនៅយប់ថ្ងៃទី២៩ ខែតុលានោះទេ នៅគ្រាដែលមានការវាយប្រហារ ដែលបានរាយការណ៍ ហើយគ្មាននាវាណាមួយរាយការណ៍អំពី ឧប្បត្តិហេតុកាលពីចុងសប្តាហ៍នេះទេ” ។

គួររំលឹកថា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ក្រុងម៉ូស្គូបានលើកឡើងថា ខ្លួនកំពុងផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ចាប់ផ្តើមការនាំចេញស្បៀងអាហារឡើងវិញ ដែលជាប់គាំងដោយការឈ្លានពាន របស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។ គ្មាននាវាណាមួយឆ្លងកាត់ ច្រករបៀងមនុស្សធម៌សមុទ្រ កាលពីថ្ងៃអាទិត្យនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top