ព័ត៌មានអន្តរជាតិ

ក្រោយបាតុកម្ម បន្ដអូសបន្លាយ ពេលនេះអ៊ីរ៉ង់​ចេញ​ដីកា ​ចាប់​ខ្លួន​បាតុករ ​ដែលពាក់ព័ន្ធជាង ១០០០​នាក់

តេអេរ៉ង់ ៖ អាជ្ញាធរអ៊ីរ៉ង់ បានចេញដីកាចាប់ខ្លួន បាតុករជាង ១០០០នាក់ ដែលពាក់ព័ន្ធនឹងបាតុកម្ម ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីការស្លាប់របស់ Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ អាយុ ២២ ឆ្នាំ ដែលបានស្លាប់នៅក្នុងការឃុំឃាំង របស់ប៉ូលីសកាលពី ៦សប្តាហ៍មុន។

ការកាត់ក្តីនឹងត្រូវធ្វើឡើងជាសាធារណៈក្នុង សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ ដោយដកស្រង់សំដី អគ្គរដ្ឋអាជ្ញារបស់ទីក្រុងតេអេរ៉ង់ លោក Ali Alqasi Mehr ។

បុគ្គលដែលមានឈ្មោះ ត្រូវបានចូលរួមនៅក្នុង “សកម្មភាពវិទ្ធង្សនា” ក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្មីៗ ហើយកំពុងប្រឈមមុខនឹង “ការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ” រួមទាំងការវាយដំ ឬ “ធ្វើទុក្ករកម្ម” មន្ត្រីសន្តិសុខ និងការដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ។

IRNA បានរាយការណ៍ថា ពួកគេនឹងត្រូវកាត់ទោស នៅក្នុងតុលាការបដិវត្តន៍។ Amini បានស្លាប់ បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយប៉ូលីសសីលធម៌ដោយសារតែរបៀបស្លៀកពាក់ ដែលជំរុញឱ្យក្រុមអ្នកតវ៉ាដើរ តាមដងផ្លូវអំពាវនាវឱ្យបញ្ចប់របបនេះ។

បាតុករ​ជា​ច្រើន​នាក់ ​ត្រូវ​បាន​សម្លាប់​តាំង​ពី​ពេល​នោះ​មក។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីរ៉ង់ ​បាន​ប៉ាន់​ប្រមាណ​ថា​ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង ២៧០ នាក់។

កាលពីថ្ងៃសៅរ៍ អង្គភាពឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឲ្យដឹងថា “ការអត់ធ្មត់” នៃកងកម្លាំងរបស់ខ្លួនបានអស់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ការ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ​ជា​ការ​បញ្ជាក់​ថា ​បាតុករ​ដំបូង​របស់​រដ្ឋាភិបាល ​នឹង​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់ ​ចាប់​តាំង​ពី​ចលនា​នេះ ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា៕

To Top