សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីយ៉ាងហោចណាស់ ៣គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ខណៈដែលសមយុទ្ធផ្លូវអាកាសរួមគ្នា កំពុងត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការប្រកាសអាសន្នមួយត្រូវបានបន្លឺឡើងនៅក្នុងតំបន់នៃកោះ Ulleung របស់កូរ៉េខាងត្បូង ពីឆ្នេរសមុទ្រភាគ ខាងកើតឧបទ្វីបកូរ៉េ ដោយបន្ថែមថា មីស៊ីលមួយគ្រាប់បានឆ្លងកាត់ ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនគូសដោយកងកម្លាំងអង្គការសហប្រជាជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមកូរ៉េ។
ក្រុងសេអ៊ូលបានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់នៅជិតដែនទឹកកូរ៉េខាងត្បូង ភាគខាងត្បូងនៃ NLL ជាលើកដំបូងចាប់តាំងពីឧបទ្វីបនេះ ត្រូវបានបែងចែក នេះបើយោងតាមការចុះផ្សយារបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ពីរគ្រាប់ ដែលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដោយមិនមានរបាយការណ៍អំពីការខូចខាត ដល់យន្តហោះ ឬកប៉ាល់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា