សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលយ៉ាងតិចចំនួន ១០ គ្រាប់ពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់នៅផ្នែកខាងត្បូង នៃព្រំដែនសមុទ្រ de facto ជាលើកដំបូងចាប់តាំងពី ឧបទ្វីបកូរ៉េត្រូវបានបែងចែក។
ប្រភពពីយោធាបានឲ្យដឹងថា ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសមួយត្រូវបានបន្លឺឡើង នៅម៉ោងប្រហែល ៨ និង៥៥នាទី ព្រឹកនៅលើកោះ Ulleung របស់ប្រទេសកូរ៉េខាងត្បូង នៅឯឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេស ដោយបន្ថែមថា មីស៊ីលមួយគ្រាប់បានឆ្លងកាត់ ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនគូសដោយ កងកម្លាំង អង្គការសហប្រជាជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមកូរ៉េ។
យោងតាមយោធាបានឱ្យដឹងថា មីស៊ីល រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ត្រូវបានបាញ់ចេញពីជុំវិញតំបន់ Wonsan និងកន្លែងជាច្រើនទៀត។ ការបាញ់បង្ហោះចុងក្រោយបង្អស់ ដោយទីក្រុងព្យុងយ៉ាងបានកើតឡើង ខណៈដែលសមយុទ្ធផ្លូវអាកាសរួមគ្នាកំពុងត្រូវបាន ធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “វាគឺជាលើកទីមួយហើយចាប់តាំងពី ការបែងចែកនៃឧបទ្វីបកូរ៉េ ដែលមីស៊ីលកូរ៉េខាងជើង បានធ្លាក់នៅជិតដែនទឹករបស់កូរ៉េខាងត្បូង”៕
ប្រែសម្រួល ឈូក បូរ៉ា
