ព័ត៌មានអន្តរជាតិ

UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារដោយភេរវកម្ម នៅក្នុងប្រទេសសូម៉ាលី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ទៅលើការវាយប្រហារភេរវកម្ម នាពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកនៃក្រុមប្រឹក្សា សន្តិសុខបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មក្នុងគ្រប់ទម្រង់ និងការបង្ហាញរបស់ខ្លួន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត មួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ។

ក្រុមប្រឹក្សាខាងលើបានរំលឹកឡើងវិញថា អំពើភេរវកម្មណាមួយគឺជាឧក្រិដ្ឋកម្ម និងមិនសមហេតុផល ដោយមិនគិតពីការលើកទឹកចិត្តរបស់ពួកគេ ទោះនៅកន្លែងណា នៅពេលណា និងដោយអ្នកណាក៏ដោយ ។

សមាជិកក្រុមប្រឹក្សាបានគូសបញ្ជាក់ ពីតម្រូវការក្នុងការឃុំឃាំងជនល្មើស អ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកឧបត្ថម្ភនៃអំពើភេរវកម្ម ដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះទទួលខុសត្រូវ និងខ្លួននាំពួកគេដើម្បីស្វែងរកយុត្តិធម៌ ។

ពួកគេបានសម្តែងការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជនសូម៉ាលី និងសូមជូនពរឱ្យអ្នករបួស ឆាប់ជាសះស្បើយពីរបួស ។

លោក Hassan Sheikh Mohamud ប្រធានាធិបតីប្រទេសសូម៉ាលី បានថ្លែងកាលពីថ្ងៃអាទិត្យថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តចំនួន២ សំដៅទៅលើអគារក្រសួងអប់រំ របស់ប្រទេសសូម៉ាលី កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និងជាង៣០០នាក់ផ្សេងទៀត បានរងរបួស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top