បរទេស ៖ មន្ត្រីអាមេរិកពីររូបបានប្រាប់ CBS News ថា មេដឹកនាំយោធា ជាន់ខ្ពស់រុស្ស៊ី បានពិភាក្សា កាលពីខែមុនអំពីរបៀប និងពេលវេលា ដែលពួកគេអាចប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីអាមេរិកទាំង២រូប ប្រាប់ BBCថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនបានចូលរួមនៅក្នុងកិច្ចពិភាក្សានេះទេ ។
សេតវិមានបាននិយាយថា ខ្លួនមាន “ការព្រួយបារម្ភ កាន់តែខ្លាំង” អំពីការប្រើប្រាស់អាវុធ នុយក្លេអ៊ែរដែលមានសក្តានុពល ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ។ ប៉ុន្តែសេតវិមាន បានសង្កត់ធ្ងន់ថា អាមេរិកមិនឃើញ មានសញ្ញាណាមួយ នៃរុស្ស៊ីរៀបចំសម្រាប់ ការប្រើប្រាស់បែបនេះឡើយ។
ចំណែកការវាយតម្លៃផ្នែកចារកម្ម លោកខាងលិចមុននេះថា ទីក្រុងមូស្គូមិនបានរំកិលអាវុធ នុយក្លេអ៊ែររបស់ខ្លួនឡើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទប្រកាន់លោកខាងលិចថា “មានចេតនាបញ្ចេញប្រធានបទ” បែបនេះ ទោះបីជាពេលវេលា នៃការពិភាក្សាយោធាកម្រិតខ្ពស់ របស់រុស្ស៊ីនៅពាក់កណ្តាល ខែតុលាមានសារៈសំខាន់ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា