វ់ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន បានអំពាវនាវឱ្យប្រជាជនអាមេរិកប្រើប្រាស់សន្លឹកឆ្នោតរបស់ពួកគេ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងសុន្ទរកថាមួយដោយថ្កោលទោសការគំរាមកំហែងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន តិចជាងមួយសប្តាហ៍មុនពេលអាមេរិកឆ្ពោះទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោកបានលើកឡើងថា “ក្នុងឆ្អឹងរបស់យើង យើងដឹងថាលទ្ធិប្រជាធិបតេយ្យមានហានិភ័យ យើងក៏ដឹងរឿងនេះដែរថា វាស្ថិតនៅក្នុងអំណាចរបស់យើងម្នាក់ៗ ដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យរបស់យើង។ ហើយខ្ញុំជឿថាយើងនឹងធ្វើវា”។
សុន្ទរកថារបស់លោក បៃដិន ដែលជាការបន្ថែមនៅនាទីចុងក្រោយទៅនឹងកាលវិភាគរបស់លោក កើតឡើងនៅពេល ដែលគណបក្សសាធារណរដ្ឋហាក់ដូចជាកំពុងទទួលបានសន្ទុះមុនការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
បេក្ខជនមកពីគណបក្សសាធារណរដ្ឋរាប់សិបនាក់ ដែលបដិសេធថាលោក បៃដិន ឈ្នះការបោះឆ្នោតឆ្នាំ២០២០ គឺនៅលើសន្លឹកឆ្នោតទូទាំងប្រទេស ដោយមនុស្សជាច្រើនរំពឹងថា នឹងឡើងកាន់តំណែងដ៏មានឥទ្ធិពល ដែលនឹងពាក់ព័ន្ធនឹងការត្រួតពិនិត្យការបោះឆ្នោតនាពេលអនាគត។
លោក បៃដិន បានលើកឡើងថា “ខ្ញុំដឹងថាមានការពាក់ព័ន្ធជាច្រើននៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិទាំងនេះ ពីសេដ្ឋកិច្ចរបស់យើង សុវត្ថិភាពនៃផ្លូវរបស់យើង សេរីភាពផ្ទាល់ខ្លួនរបស់យើង អនាគតនៃការថែទាំសុខភាព សន្តិសុខសង្គម Medicare – វាមានសារៈសំខាន់ទាំងអស់” ។
លោកបន្ដថា អំពើហឹង្សានយោបាយក៏កំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ កាលពីសប្តាហ៍មុន លោក Paul Pelosi ប្តីរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ត្រូវបានវាយប្រហារនៅក្នុងផ្ទះរបស់ប្តីប្រពន្ធមួយគូនៅ San Francisco ហើយអ្នកវាយប្រហារបានលើកឡើងថា គេចង់បំបែកក្បាលជង្គង់របស់លោកស្រី Pelosi សម្រាប់ “ការភូតកុហក” ដែលប្រាប់ដោយគណបក្សប្រជាធិបតេយ្យ៕
ប្រែសម្រួល ឈូក បូរ៉ា