ព័ត៌មានអន្តរជាតិ

ក្តៅៗ! អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan រងរបួសដោយការបាញ់ប្រហារ ក្នុងអំឡុងពេលក្បួនរថយន្តតវ៉ា នៅក្រុងអ៊ីស្លាម៉ាបាដ

អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជំនួយការម្នាក់បានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានរងរបួស នៅគ្រាដែលក្បួនរថយន្ត របស់លោកត្រូវបានបាញ់ប្រហារ នៅភាគខាងកើតរបស់ប្រទេសនេះ ។

មន្ត្រីគណបក្ស លោក Asad Umar បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា “បុរសម្នាក់បានបើកការ បាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ ។ មនុស្សជាច្រើននាក់បានរងរបួស ។ លោក Imran Khan ក៏រងរបួសផងដែរ” ។ លោក Khan ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

លោក Asad Umar ក៏បានលើកឡើងដែរថា លោក Khan បានរងរបួសត្រង់ជើង ហើយមិនមានរបួសធ្ងន់ធ្ងរនោះទេ ។

លោក Raoof Hasan ជំនួយការជាន់ខ្ពស់របស់លោក Khan បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា បុរសម្នាក់ដែលសង្ស័យថា បានវាយប្រហារលោក Khan ត្រូវបានបាញ់សម្លាប់ហើយ ។

លោកបានបញ្ជាក់ថា “បុរសទី២ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់ មន្ទីរឃុំឃាំងរបស់ប៉ូលិស” ដោយបន្ថែមថា មិនច្បាស់ថាតើ អ្នកណាបានបាញ់ អ្នកវាយប្រហារទី១នោះទេ ។

យោងតាមទីភ្នាក់ងារ AP អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង ដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ មិនត្រូវបានគេដឹងភ្លាមៗទេ ហើយមិនមានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារនោះទេ ។

គេបានដឹងថា អតីតកីឡាករគ្រីឃីត Khan ដែលមានវ័យ៧០ឆ្នាំ កំពុងដឹកនាំការហែក្បួនតវ៉ា នៅក្រុងអ៊ីស្លាម៉ាបាដ ដើម្បីទាមទារឱ្យមានការបោះឆ្នោត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top