ហ្សាកាតា៖ ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងផ្ទុះឡើង និងបន្តរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល សហភាពអឺរ៉ុប បានព្យាយាមពន្លឿនការចរចា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសភាគីទី៣។ ប្រទេសដៃគូដ៏មានសក្ដានុពលធំបំផុតមួយក៏ស្ថិតក្នុងចំណោម ប្រទេសដែលពិបាកយល់បំផុតដែរ គឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមាន សេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។
ប្រទេសដែលមានប្រជាជនចំនួន ២៧៥លាននាក់មាន GDP ជិត ១,២ពាន់ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ដោយអ្នកខ្លះថា នឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៧ របស់ពិភពលោកនៅឆ្នាំ២០៣០ ។
ចាប់តាំងពីការចរចា ជាផ្លូវការបានចាប់ផ្តើម នៅក្នុងខែកក្កដាឆ្នាំ២០១៦ ការចរចាចំនួន១១ បានកើតឡើង ប៉ុន្តែការពិភាក្សាបានជាប់គាំង ដោយសារជម្លោះនៅតែបន្តកើតមាន ជុំវិញការហាមឃាត់របស់អឺរ៉ុប លើប្រេងដូង និងការហាមឃាត់របស់ ប្រទេសឥណ្ឌូនេស៊ី លើការនាំចេញនីកែល។
យ៉ាងណាក៏ដោយ ទីក្រុងព្រុចសែល គួរតែផ្តល់អាទិភាពដល់ផលប្រយោជន៍ ភូមិសាស្ត្ររបស់ខ្លួន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ហើយពន្លឿនកិច្ចព្រមព្រៀងមួយ ដោយបើកទីផ្សារតែមួយរបស់ខ្លួន ដល់ផលិតផលប្រេងដូង ដែលមាននិរន្តរភាពបន្ថែមទៀត ជាថ្នូរនឹងការចរចារការនាំចេញ នីកែលដែលមានកំណត់ ពីទីក្រុងហ្សាកាតា។
ខណៈពេលដែលសហភាពអឺរ៉ុប បានប្តេជ្ញាថានឹងបង្កើន “ការចូលរួមជាយុទ្ធសាស្រ្ត” របស់ខ្លួនជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក ពាក្យរបស់ប្លុកនេះបច្ចុប្បន្ន មិនត្រូវគ្នានឹងសកម្មភាពរបស់ខ្លួននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The Deploma។
សហភាពអឺរ៉ុប នៅតែអវត្តមានពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មធំជាងគេពីររបស់អាស៊ី ដែលមានកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់។ ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចធំជាងគេ នៅអាស៊ីអាគ្នេយ៍មកទល់ពេលនេះ ប៉ុន្តែជាប់ចំណាត់ថ្នាក់ជាដៃគូ ពាណិជ្ជកម្មធំជាងគេទី៥ របស់អឺរ៉ុប ក្នុងតំបន់ នៅពីក្រោយប្រទេសសិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងថៃ។
អវត្តមានសេដ្ឋកិច្ចរបស់ទីក្រុងព្រុចសែល ពីតំបន់ផ្ទុយពីសកម្មភាពសេដ្ឋកិច្ចរបស់ចិន ដែលកំពុងកើនឡើង ក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍។ ទីក្រុងប៉េកាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ទីក្រុងហ្សាការតា ដែលមានពាណិជ្ជកម្មទ្វេភាគីជាង ១២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលច្រើនជាងចំនួន ២៤ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មសហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី ក្នុងរយៈពេលដូចគ្នានេះ។
ដោយប្រកាសនៅឆ្នាំ២០២១ យុទ្ធសាស្រ្តច្រកទ្វារសកល របស់ទីក្រុងប្រ៊ុចសែល បានស្វែងរកដំណោះស្រាយនេះ ដោយការគាំទ្រគម្រោងហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយដាក់ខ្លួនជាជម្រើសមួយ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ប៉ុន្តែប្រទេសចិន បានគាំទ្រគម្រោង BRI ដែលមានតម្លៃ ៧៤០ ពាន់លានដុល្លាររួចទៅហើយ នៅក្នុងអាស៊ីអាគ្នេយ៍តែម្នាក់ឯង ដែលច្រើនជាងទ្វេដងនៃចំនួន ២៩៥ពាន់លានដុល្លារ ដែលអឺរ៉ុបមានបំណងបង្កើននៅឆ្នាំ២០២៧ សម្រាប់គម្រោង Global Gateway នៅទូទាំងពិភពលោក ៕
ប្រែសម្រួល ឈូក បូរ៉ា