ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ ជំរុញឲ្យតួកគី បញ្ចប់ដំណើរការនៃការផ្តល់សច្ចាប័ន លើការចូលជាសមាជិក ដោយហ្វាំងឡង់ និងស៊ុយអែត

អ៊ីស្ដង់ប៊ុល៖ ស៊ុយអែត និងហ្វាំងឡង់ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះតួកគី ហើយគួរតែត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។

លោក Stoltenberg បានឲ្យដឹងក្នុងអំឡុងសន្និសីទ កាសែតនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ថា “វាដល់ពេលដែលត្រូវស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែត ក្នុងនាមជាសមាជិក ពេញសិទ្ធិរបស់ណាតូ” ។

លោកបានបន្ថែមថា “ការចូលជាសមាជិករបស់ពួកគេ នឹងធ្វើឱ្យសម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំ និងប្រជាជនរបស់យើង កាន់តែមានសុវត្ថិភាព” ដោយកត់សម្គាល់ថា ហ្វាំងឡង់ និងស៊ុយអែត បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយតួកគី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

តួកគី រួមជាមួយនឹងប្រទេសហុងគ្រី មិនទាន់បានបញ្ចប់ដំណើរការ នៃការផ្តល់សច្ចាប័ន លើសមាជិកភាពណាតូ សម្រាប់ប្រទេស Nordic ទាំងពីរនេះនៅឡើយទេ ទោះបីជាបានចុះហត្ថលេខាលើ ពិធីសារដំបូងកាលពីខែកក្កដាក៏ដោយ។

តួកគីបានឲ្យដឹងម្តងហើយម្តងទៀតថា មុនពេលដំណើរការអាចត្រូវបានបញ្ចប់ ហ្វាំងឡង់ និងស៊ុយអែត ត្រូវតែចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយកង្វល់របស់តួកគី រួមទាំងការចុះហត្ថលេខាលើ ពិធីសារធ្វើបត្យាប័នព្រហ្មទណ្ឌ និងការដកទណ្ឌកម្មលើ ឧស្សាហកម្មការពារជាតិរបស់តួកគី។

លោក Stoltenberg មានគោលបំណងពន្លឿនដំណើរការ ផ្តល់សច្ចាប័នដោយតួកគី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ក្នុងអំឡុងពេលនោះលោកក៏នឹង ជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងរដ្ឋមន្ត្រីការពារជាតិ Hulusi Akar ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងការ កត់សម្គាល់របស់លោក Stoltenberg លោក Cavusoglu បានលើកឡើងថា ប្រទេស Nordic ទាំងពីរមិនបានបំពេញកាតព្វកិច្ច របស់ពួកគេទាំងអស់នោះទេ ហើយពួកគេត្រូវការជំហានជាច្រើនទៀត ដែលត្រូវអនុវត្តដោយពួកគេផ្ទាល់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top