បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពី “ប្រព្រឹត្តអំពើភេរវកម្មថាមពល” នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារជាថ្មី លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសនេះ ដែលបានធ្វើឱ្យមនុស្សប្រហែល ៤,៥លាននាក់ គ្មានថាមពលប្រើប្រាស់។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា “យប់នេះ អ្នកប្រើប្រាស់ប្រហែល ៤,៥លាននាក់ ត្រូវបានផ្តាច់ជាបណ្តោះអាសន្ន ពីការប្រើប្រាស់ថាមពល” ។
លោក Zelensky បាននិយាយថា “ការពិតដែលថារុស្ស៊ីកំពុងងាក ទៅរកភេរវកម្មថាមពល ដែលបង្ហាញពីភាពទន់ខ្សោយ របស់សត្រូវរបស់យើង។ ពួកគេមិនអាចយកឈ្នះអ៊ុយក្រែន នៅលើសមរភូមិបានទេ ដូច្នេះពួកគេព្យាយាមបំបែក ប្រជាជនរបស់យើងតាមវិធីនេះ” ។
អស់រយៈពេលជាច្រើន សប្តាហ៍មកហើយ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបំផ្ទុះទៅលើទីក្រុងនានា របស់អ៊ុយក្រែន ជាក់ស្តែងក្នុងក្តីសង្ឃឹមនៃ ការបំផ្លាញសីលធម៌សាធារណៈ និងការគាំទ្រដល់ការអនុវត្ត សង្រ្គាមរបស់រដ្ឋាភិបាលទីក្រុងគៀវ នៅពេលដែលរដូវរងាកំពុងកាន់កាប់។
ការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលមួយខែកន្លងមកនេះ បានបំផ្លាញស្ថានីយថាមពល មួយភាគបីរបស់ប្រទេស។ រដ្ឋាភិបាលបានជំរុញឲ្យ ប្រជាជនអ៊ុយក្រែនរក្សា ថាមពលអគ្គិសនីឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួលៈ ណៃ តុលា