កូរ៉េខាងត្បូង ៖ អាជ្ញាធរការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងបានបញ្ចេញភ្លាមៗ នូវយន្តហោះចម្បាំង បំបាំងកាយរាប់សិបគ្រឿង និងយន្តហោះចម្បាំង ផ្សេងទៀត នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានរកឃើញសកម្មភាព យន្តហោះយោធាកូរ៉េខាងជើងជាង ១៨០ នៅទីតាំងផ្សេងៗគ្នា តាមរយៈរ៉ាដា ។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះ របស់កូរ៉េខាងជើង រួមទាំងយន្តហោះចម្បាំង និងយន្តហោះ ទម្លាក់គ្រាប់បែក ត្រូវបានគេប្រទះឃើញ ហោះហើរចន្លោះ ពីម៉ោងប្រហែល ១១ ព្រឹក ដល់ម៉ោង ៣ រសៀល លើតំបន់ដីគោករបស់ខ្លួន ក៏ដូចជានៅឆ្នេរសមុទ្រភាគខាងលិច និងខាងកើត ដោយមិនចូលទៅជិតព្រំដែនអន្តរកូរ៉េនោះទេ, នេះបើយោង តាមអគ្គសេនាធិការចម្រុះ ( JCS) ។ យន្តហោះទម្លាក់គ្រាប់បែក បានធ្វើការបាញ់ ពីលើអាកាសទៅដី ។
JCS បានបន្ថែមថា ជាការឆ្លើយតប កងទ័ពអាកាសកូរ៉េខាងត្បូង បានចល័តយន្តហោះចម្បាំងចំនួន ៨០គ្រឿង រួមទាំង F-35As ស្របតាមឥរិយាបថឆ្លើយ តបពេញលេញ និងកំពុងព្យាយាមបញ្ជាក់ចំនួនពិតប្រាកដ នៃយន្តហោះកូរ៉េខាងជើងដែលបានចល័ត។
កូរ៉េខាងជើងបានតវ៉ា ចំពោះសមយុទ្ធផ្លូវអាកាសរួមគ្នា របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលហៅថា Vigilant Storm៕