បរទេស៖ ប្រតិបត្តិការ ស៊ើបការណ៍យោធា របស់ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការដើម្បីបង្កើត និងបណ្តុះបណ្តាល កងកម្លាំងភេរវករ ដោយសម្ងាត់មួយ នៅក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានចាត់តាំង ឱ្យវាយប្រហារគោលដៅ រុស្ស៊ីនៅគ្រីមៀ ក្នុងនាមរដ្ឋាភិបាលក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយធ្វើការតាមរយៈ ក្រុមហ៊ុនផ្តល់សេវាស៊ើបការណ៍សម្ងាត់ របស់អង់គ្លេសដែលហៅថា Prevail Partners ប្រតិបត្តិករ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសាខា Odessa នៃសេវាសន្តិសុខអ៊ុយក្រែន (SSU) ដើម្បីបង្កើតកងទ័ពភេរវកម្មដែលគេហៅថា “បក្សពួក” នេះបើតាម កាសែត The Grayzone បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ឯកសារ ដែលរៀបរាប់លម្អិត អំពីផែនការដែលបានបែកធ្លាយ។ ការងារនេះត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល យ៉ាងជិតស្និទ្ធ ជាមួយ SSU ហើយអាចទទួលបាន មូលនិធិយ៉ាងហោចណាស់ មួយផ្នែកដោយអ្នកមានទ្រព្យសម្បត្តិ ជនជាតិអ៊ុយក្រែន Andrey Sadovoy ដែលជាអភិបាលក្រុង Lviv និងជាប្រធានក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ TRK Lux របស់ប្រទេស។
កាសែត Grayzone បានសរសេរថា “ផែនការរបស់ពួកគេបានអំពាវនាវ ឱ្យកងទ័ពសម្ងាត់ ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ និងប្រតិបត្តិការឈ្លបយកការណ៍ សំដៅទៅលើតំបន់គ្រីមៀ… ច្បាស់ណាស់ប្រភេទ នៃការវាយប្រហារ ដែលបានឃើញកាលពីសប្តាហ៍មុន”៕
ប្រែសម្រួលៈ ណៃ តុលា