បរទេស៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី បានព្រមព្រៀងគ្នា ក្នុងពេលរហៅទូរសព្ទនាពេលថ្មីៗនេះ លើការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅប្រទេសក្រីក្របំផុត ក្នុងពិភពលោកដោយមិនគិតថ្លៃ។ មេដឹកនាំតួកគី លោក Recep Tayyip Erdogan បានបង្ហើបឱ្យដឹងបែបនេះ ខណៈពេលថ្លែងសុន្ទរកថា ទៅកាន់ពាណិជ្ជករនៅក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បានរំលឹកឡើងវិញថា “នៅក្នុងការហៅទូរស័ព្ទរបស់ខ្ញុំ ជាមួយលោក Vladimir Putin គាត់បាននិយាយថា “សូមឱ្យយើងផ្ញើគ្រាប់ធញ្ញជាតិនេះ ទៅកាន់ប្រទេសមួយចំនួនដូចជា Djibouti, Somalia និង Sudan ដោយមិនគិតថ្លៃ” ហើយយើងបានយល់ព្រម” ។
លោក Erdogan បានរំលឹកឡើងវិញដោយមិនផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលគម្រោងនេះអាចដំណើរការបាន។ មកទល់ពេលនេះ ទីក្រុងមូស្គូ មិនទាន់បានចេញការអត្ថាធិប្បាយ ជាផ្លូវការណាមួយ លើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួកគីនោះទេ។
សំណើនេះកើតឡើង ចំពេលមានការលំបាកក្នុងកិច្ចព្រមព្រៀង សម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានគេចរចាជាដំបូង កាលពីខែកក្កដា ហើយត្រូវបានបង្កើតឡើង តាមរយៈកិច្ចព្រមព្រៀងមួយ ដែលមានរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ។ វាត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយ ការនាំចេញកសិផលតាមរយៈសមុទ្រខ្មៅពីកំពង់ផែអ៊ុយក្រែន ដែលត្រូវបានរារាំងដោយសារតែជម្លោះ ដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា