តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានផ្តល់យន្តហោះដ្រូន ដល់រុស្ស៊ី ក្នុងប៉ុន្មានខែមុនពេលទីក្រុងមូស្គូ លុកលុយអ៊ុយក្រែន ដោយដើរថយក្រោយ លើការអះអាងពីមុនថា ខ្លួនមិនដែលផ្គត់ផ្គង់ អាវុធដល់រុស្ស៊ីនោះទេ ។
រដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋថា ទីក្រុងតេអេរ៉ង់ បានផ្តល់ “យន្តហោះដ្រូនមួយចំនួនតូច” ដល់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានខែមុនសង្រ្គាម ។ កន្លងមក អ៊ីរ៉ង់បានបដិសេធចំពោះភ័ស្តុតាងដែលកំពុងកើនឡើងថា ខ្លួនបានបញ្ជូនយន្តហោះដ្រូន និងអាវុធផ្សេងទៀតទៅកាន់ទីក្រុងម៉ូស្គូ ។
លោក Amirabdollahian បានបដិសេធថា អ៊ីរ៉ង់ មិនបានបញ្ជូនមីស៊ីលទៅកាន់ទីក្រុងមូស្គូនោះទេ ហើយបានបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹង “ប្រតិកម្ម” ប្រសិនបើវាត្រូវបានបញ្ជាក់ថា យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនៅអ៊ុយក្រែន។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានបញ្ជូនយន្តហោះដ្រូនទៅគាំទ្រការវាយលុករបស់រុស្ស៊ី។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានបង្កើនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញជំនួយសម្ភារៈរបស់ខ្លួន សម្រាប់ទីក្រុងម៉ូស្គូ។
ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្តេជ្ញាថានឹងទម្លាក់យន្តហោះដ្រូន Shahed kamikaze ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងការវាយលុកជាច្រើនលើអ៊ុយក្រែន រួមទាំងការវាយប្រហារនៅកណ្តាលទីក្រុងគៀវ ផងដែរ។
កងទ័ពអាកាសរបស់អ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ជាង ៣០០គ្រឿង ខណៈដែលសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានបញ្ជូនអ្នកហ្វឹកហាត់យន្តហោះដ្រូន ទៅកាន់តំបន់ដែលត្រូវបានកាន់កាប់របស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា