ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា វីរុស Omicron ប្រភេទថ្មី BQ.1 និង BQ.1.1 មានចំនួនជាង៣៥ភាគរយ នៃករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយ ពីមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺរបស់សហរដ្ឋអាមេរិក និងការការពារជំងឺ ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។
វីរុសប្រភេទថ្មី BQ.1.1 បង្កើតបានជិត១៩ភាគរយនៃវីរុសបំប្លែងខ្លួនថ្មីដែលបានធ្វើចរាចរ ហើយវីរុស BQ.1 ត្រូវបានគេប៉ាន់ប្រមាណថា មាន១៦,៥ភាគរយ នៃករណីចរាចរនៅក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ CDC កាលពីថ្ងៃសុក្រ ។
វីរុសបំប្លែងខ្លួនថ្មីទាំង២នេះ មានការកើនឡើងយ៉ាងលឿន ជាពិសេសចាប់តាំងពីខែតុលាមក ។ កាលពីដើមខែតុលា វីរុសនីមួយៗមានប្រហែល១ភាគរយ នៃការឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវីរុសទាំងនោះមានអត្រាប្រេវ៉ាឡង់ កើនឡើងទ្វេដងរៀងរាល់សប្តាហ៍ ។
ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានបង្ហាញថា វីរុសបំប្លែងខ្លួនទាំង២ មានប្រហែល១នាក់ ក្នុងចំនោមការឆ្លង COVID-19 ថ្មីចំនួន៤នាក់នៅទូទាំងប្រទេស កាលពីសប្តាហ៍មុន ។
វីរុសបំប្លែងខ្លួនទាំង២នេះ គឺជាកូនចៅនៃប្រភេទវីរុសរង BA.5 របស់វីរុស Omicron ហើយត្រូវបានរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងទ្វីបអឺរ៉ុប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា