បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃសុក្រថា លោកបានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping ប្រើប្រាស់ “ឥទ្ធិពល” របស់ទីក្រុងប៉េកាំងលើទីក្រុងម៉ូស្គូ ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បាននិយាយថា “ខ្ញុំបានប្រាប់ប្រធានាធិបតី Xi ថា វាមានសារៈសំខាន់សម្រាប់ប្រទេសចិន ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន លើប្រទេសរុស្ស៊ី” ។
លោកថា “រុស្ស៊ីត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារដែលជនស៊ីវិលរងគ្រោះរាល់ថ្ងៃ ហើយដកខ្លួនចេញពីអ៊ុយក្រែន”។
លោក Scholz ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ ទៅកាន់ទីក្រុងប៉េកាំង បាននិយាយថា រុស្ស៊ី ចិន និងលោកខាងលិចបានយល់ព្រមគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និង “គោលការណ៍ដូចជាអធិបតេយ្យភាព និងបូរណភាពទឹកដី” ដែលលោកបាននិយាយថា រុស្ស៊ីកំពុងរំលោភលើអ៊ុយក្រែន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មេដឹកនាំអាល្លឺម៉ង់ក៏បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យបន្លាយកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិបន្តពីអ៊ុយក្រែនតាមសមុទ្រខ្មៅ។
Scholz បាននិយាយថា “ភាពអត់ឃ្លានមិនត្រូវប្រើជាអាវុធទេ៕ ប្រែសម្រួលៈ ណៃ តុលា