អ.ស.ប ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី និងចិន ថាបានផ្តល់ “ការការពារ” ដល់ “ប្រទេសកូរ៉េខាងជើង ពីសកម្មភាពបន្ថែមទៀត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) ហើយបានលើកឡើងថា ប្រទេសទាំង២បាន “ដើរថយក្រោយ” ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការបាញ់មីស៊ីលផ្លោង របស់ទីក្រុងព្យុងយ៉ាង ។
សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល់បានី អៀរឡង់ និងណ័រវេសន៍ បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលបរាជ័យផងដែរ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា “អ្នកមិនត្រូវបោះបង់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខទេ ពីព្រោះកូរ៉េខាងជើង អាចនឹងលក់អាវុធ ឱ្យអ្នក ដើម្បីបញ្ឆេះសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ឬដោយសារតែអ្នកគិតថា ពួកគេបង្កើតការរារាំង ក្នុងតំបន់ដ៏ល្អ សម្រាប់សហរដ្ឋអាមេរិក” ។ លោក Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា ដោយសំដៅទៅលើប្រទេស រុស្ស៊ី និងប្រទេសចិន ។
អ្នកការទូតបានថ្លែងថា រុស្ស៊ី និងចិន ទំនងជាមិនយល់ព្រម ចំពោះសកម្មភាពក្រុមប្រឹក្សាណាមួយ ជុំវិញការបាញ់មីស៊ីលចុងក្រោយបង្អស់ របស់កូរ៉េខាងជើងនោះទេ ។
លោក Zhang Jun ឯកអគ្គរដ្ឋទូតប្រចាំ នៅអង្គការសហប្រជាជាតិ របស់ប្រទេសចិន បានលើកឡើងថា “ក្រុមប្រឹក្សា គួរតែដើរតួនាទីស្ថាបនា ជាជាងតែងតែសង្កត់ធ្ងន់ លើការដាក់សម្ពាធ” ។ “ស្ថិតក្រោម កាលៈទេសៈបច្ចុប្បន្ននេះ ក្រុមប្រឹក្សាគួរតែខិតខំ ជាពិសេស ដើម្បីកាត់បន្ថយការប្រឈមមុខ ដាក់គ្នា បន្ធូរបន្ថយភាពតានតឹង និងជំរុញដំណោះស្រាយខាង នយោបាយ” ។
កាលពីព្រឹកថ្ងៃសុក្រ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោស ទៅលើការបាញ់មីស៊ីល នាពេលថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង និងបានជំរុញឱ្យក្រុងព្យុងយ៉ាង “បញ្ឈប់ជាបន្ទាន់នូវសកម្មភាព បង្កហេតុណាមួយបន្ថែមទៀត” និងចាត់វិធានការភ្លាមៗ ដើម្បីបន្តកិច្ចចរចាគ្នាឡើងវិញ សំដៅលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា