ព័ត៌មានអន្តរជាតិ

អគ្គលេខាធិកាយូអិនព្រមានថា ពិភពលោកកំពុងឆ្ពោះទៅរកគ្រោះមហន្តរាយ ដ៏អាក្រក់បំផុតមួយ

បរទេស៖ក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទ អគ្គលេខាធិកាអង្គការសហប្រជាជាតិដែលហៅកាត់ថាយូអិនលោក Antonio Guterres បានព្រមានខ្លាំងៗថាពិភពលោកត្រូវតែជ្រើសរើសត្រូវកាត់បន្ថយការបំពុលអាកាសឬត្រូវដាក់ទោសទាំងអស់ទៅកាន់មនុស្សលោកជំនាន់ក្រោយចំពោះមុខ បញ្ហាគ្រោះមហន្តរាយដ៏អាក្រក់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

លោក Guterres បានថ្លែងប្រាប់ទៅកាន់ក្រុមគណៈប្រតិភូទាំងអស់ ដែលកំពុងប្រមូលផ្តុំនិងពិភាក្សាពីវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហា ជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែននិងរុស្សីថា៖មនុស្សលោកពេលនេះ គឺមានជម្រើស២គឺសហការឬវិនាសប៉ុណ្ណោះ ចំពោះមុខបញ្ហាអាកាសធាតុ។

លោក Guterres បានលើកឡើងថា ពិភពលោកទាំងមូលទាំងប្រទេសអ្នកមានបំផុត និងប្រទេសអ្នកក្រីក្រក្តីចាំបាច់ត្រូវតែបង្កើតកត្តសញ្ញាមួយ រវាងគ្នាក្នុងការពន្លឿនការផ្លាស់ប្តូរខ្លួនចេញ ពីការប្រើប្រាស់ហ្វូស៊ីលឥន្ធនៈហើយដោយចង្អុលទៅកាន់ប្រទេសចិន និងអាមេរិកថាគឺជាអ្នកដែលមានទំនួលខុសត្រូវសំខាន់ បំផុតដើម្បីអាចធ្វើឲ្យគំនិតផ្តួចផ្តើមនេះ ដំណើរការបានទៅរលូន៕

ប្រែសម្រួល៖ស៊ុនលី

To Top