បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងជើងបានពន្យល់ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃសមយុទ្ធដែលក្លែងធ្វើការវាយប្រហារលើគោលដៅរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយប្រើអាវុធជាច្រើនប្រភេទ រួមទាំងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបន្តចង្អុលបង្ហាញថា ការបាញ់មីស៊ីលគឺជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសរួមគ្នា ‘Vigilant Storm’ របស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ យោធាកូរ៉េខាងជើងបានពណ៌នាអំពីសមយុទ្ធ “ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន” ទាំងនេះថាជាសមយុទ្ធ “ទង្វើបង្កហេតុដោយចេតនាធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង” និង “សមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់” សំដៅជាពិសេសប្រឆាំងនឹងកូរ៉េខាងជើង។
អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េបាននិយាយថា ខ្លួនមិនអាចមើលរំលង«ចរិតឆេវឆាវ»នៃសមយុទ្ធនេះឡើយ ហើយបានអនុវត្តការបង្ហាញកម្លាំងរបស់ខ្លួន។
នៅចន្លោះថ្ងៃទី២ ខែវិច្ឆិកាដល់ថ្ងៃទី ៥ ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងអះអាងថា បានដាក់ពង្រាយយន្តហោះចម្បាំងប្រមាណ ៥០០គ្រឿង, បានបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ និងបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយខ្លី ដែលផ្ទុកដោយក្បាលគ្រាប់សម្រាប់ “ការបែកខ្ញែក និងការជ្រៀតចូលក្រោមដី ដែលមួយចំនួនត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅលើកោះដែលគ្មានមនុស្សរស់នៅ៕
សម្រួលៈ ណៃ តុលា