ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្ញើសារឱ្យយោធា

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យយោធា របស់ប្រទេសនេះ ធ្វើឱ្យប្រាកដថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅ នឹងការគំរាមកំហែង ផ្នែកសន្តិសុខ ដែលកើតចេញ ពីយុគសម័យថ្មី នៃភាពចលាចលពិភពលោក ។ លោកបាននិយាយថា កងទ័ពរំដោះប្រជាជន (PLA) ត្រូវតែហ្វឹកហ្វឺនឱ្យកាន់តែខ្លាំង ដើម្បីត្រៀមខ្លួន សម្រាប់ការប្រយុទ្ធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី​ចិន ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ពិភពលោក​កំពុង​មាន​ការ​ផ្លាស់ប្តូរ «​មើល​មិន​ឃើញ​ក្នុង​មួយ​សតវត្ស​» ដែល​បង្កើន​អស្ថិរភាព និង​ភាព​មិន​ប្រាកដប្រជា ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

លោក ស៊ី បាននិយាយទៀតថា យោធាទាំងមូល “ត្រូវតែអនុវត្តគំនិតរបស់បក្ស [កុម្មុយនិស្ត] ក្នុងការពង្រឹងកងទ័ព ក្នុងយុគសម័យថ្មី” ដោយផ្តោតលើថាមពល របស់ខ្លួនលើការកែលម្អជំនាញ និងសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម ។

លោកបានបន្ថែមថា PLA ត្រូវតែ “ការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍”៕

ប្រែសម្រួលៈ ណៃ តុលា

To Top