ភ្នំពេញ៖ លោក ស៊ី ជីនពីង (Xi Jiping) ប្រធានាធិបតីចិន បានដាក់សំណើចំនួន៥ចំណុច ទៅកាន់ប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន ខណៈចិននឹងផ្តល់គម្រោងវិនិយោគ សម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ។
ការដាក់សំណើនេះ ត្រូវបានពាំនាំមកដោយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសដែលលោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលរៀបនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក្នុងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សំណើទាំង៥ចំណុចនោះ រួមមាន៖
១- កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិ ឱក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខា លើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ។
២-កសាងផ្ទះមួយ ដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំង ការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
៣-កសាងផ្ទះ ដែលមានវិបុលភាពជាមួយគ្នា ខណៈចិន និងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេច ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ ពេញលេញភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។
៤-កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយ លើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ។
៥-កសាងផ្ទះមួយ ប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង។
សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។
ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាននិងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់៕