BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួន បានបញ្ចប់ការដកទ័ពទាំងស្រុង ចេញពីទីក្រុងសំខាន់ Kherson ដែលនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ហើយ ។
ក្រសួងការពារជាតិនៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ទាហានទាំងអស់ ត្រូវបានផ្លាស់ប្តូរឆ្លងកាត់ទន្លេ Dnipro ទៅកាន់ច្រាំងខាងកើតកាលពីព្រឹកមិញនេះ ។
គ្មានឧបករណ៍យោធា ឬអាវុធត្រូវបានបន្សល់ទុក នៅច្រាំងខាងលិចនោះទេ ។
ក្រុង Kherson នៅតែជារដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយក បានដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដូច្នេះការបាត់បង់ក្រុងនេះ គឺជាការរឿងដ៏សំខាន់បំផុត ។
រូបភាពពីលើដីបង្ហាញថា ស្ពានដែលទាហានរុស្ស៊ី ប្រើដើម្បីជម្លៀសត្រូវបានបំផ្លាញ ។
វាមិនទាន់ច្បាស់ ថាតើ អ្វីបណ្តាលឱ្យស្ពាននេះ រងការខូចខាតនោះទេ ប្រភពមួយចំនួនពីរុស្ស៊ី បានអះអាងថា ពួកគេបានបំផ្លាញស្ពាននេះដោយខ្លួនឯង ដោយបានបញ្ចប់ដំណើរការដកទ័ព ។
ទន្ទឹមនឹងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីយប់មិញថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមយកមកវិញនូវទីក្រុង និងភូមិរាប់សិប ខណៈដែលពួកគេឆ្ពោះទៅកាន់ ទីក្រុង Kherson ។
មេបញ្ជាការរបស់ក្រុងម៉ូស្គូ នៅក្នុងទឹកដីអ៊ុយក្រែន បានប្រកាសដកខ្លួន កាលពីថ្ងៃពុធ ដោយបានលើកឡើងថា ខ្លួនមិនអាចបន្តផ្គត់ផ្គង់ទីក្រុង បានតទៅទៀតនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា