ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សន្យាការពារដែនអាកាស បន្ថែមទៀត សម្រាប់អ៊ុយក្រែន ខណៈរុស្ស៊ី ប្ដេជ្ញាមិនឲ្យអ៊ុយក្រែន ឆ្លងផុតរដូវរងា ខាងមុខនេះឡើយ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា អាទិភាពរបស់អាល្លឺម៉ង់ ក្នុងជំនួយរបស់ខ្លួនដល់អ៊ុយក្រែន គួរតែជួយខ្លួនការពារខ្លួន ពីការវាយឆ្មក់ តាមអាកាសរបស់រុស្ស៊ី លើទីក្រុងរបស់ខ្លួន និងដើម្បីជួយប្រទេសនេះ កសាងហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនឡើងវិញ។

លោកបានបន្ថែមនៅក្នុងបទសម្ភាសន៍ជាមួយកាសែត RND កាលពីថ្ងៃសុក្រថា អឺរ៉ុប គួរតែរៀបចំទទួលជនភៀសខ្លួន បន្ថែមទៀតពីអ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធនឹងការឈ្លានពាន របស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។

លោកលើកឡើងថា “រុស្ស៊ី កំពុងទម្លាក់គ្រាប់បែក លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន។ រុស្ស៊ី​ ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រជាជន​ ក្នុង​ប្រទេស​អ៊ុយក្រែន ​មិន​អាច​រស់​នៅ​ក្នុង​រដូវ​ត្រជាក់​ បាន​នោះទេ”។

លោកបានលើកឡើងថា “បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ជា​ច្រើន​ ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ទប់ទល់​នឹង​ការបំផ្លិចបំផ្លាញ​នេះ​ នៅអ៊ុយក្រែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាស ដែលអាល្លឺម៉ង់ បានបញ្ជូនទៅកាន់អ៊ុយក្រែនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញ រហូតមកដល់ពេលនេះ ប៉ុន្តែទីក្រុងប៊ែរឡាំង នឹងធ្វើការជាមួយដៃគូ ដើម្បីបញ្ជូនបន្ថែមទៀត។

មុននេះ លោក Scholz បានយល់ព្រមនៅក្នុងការហៅទូរស័ព្ទ ជាមួយប្រធានាធិបតី អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី ថាអាល្លឺម៉ង់ នឹងបន្តបញ្ជូនប្រព័ន្ធការពារ ដែនអាកាស បន្ថែមទៀតទៅកាន់អ៊ុយក្រែន។

លោក Scholz បានបន្ថែមថា លោកមានជំនឿជាក់ថា ដោយមិនគិតពីភាពវឹកវរនៃការទូត ដែលមេដឹកនាំលោកខាងលិច បានព្យាយាមបញ្ចៀសសង្រ្គាម ក្នុងការរត់ទៅការឈ្លានពាន របស់រុស្ស៊ីនោះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានកំណត់ផ្លូវរបស់លោក ជាយូរមកហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top